(ភ្នំពេញ)៖ លោក ទៀង សោភ័ណ្ឌ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចំរុះចុះចាត់វិធានការក្ដៅ ក្នុងការបង្គាប់ឱ្យរុះរើសម្ភារឧបករណ៍ផ្សេងៗរបស់កូនបំណុល និងកម្មកររបស់កូនបំណុលជនជាតិចិនឱ្យចាកចេញពីសំណង់អគារផ្សារ TRIUMPH TCC ហើយអនុញ្ញាតឱ្យម្ចាស់បំណុលជនជាតិចិនដូចគ្នាចូលទៅគ្រប់គ្រងវិញ ដើម្បីចៀសវាងការខូចខាតធ្ងន់ធ្ងរ និងបន្តធ្វើការសាងសង់ គម្រោងអគារផ្សារនេះឱ្យរួចរាល់ជាស្ថាពរ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

ប្រតិបត្តិការរបស់អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានអនុវត្តឡើង ក្រោយពីទទួលបានដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់លោក រស់ សាម៉ឺឌី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងតាមមាត្រា៥៤១ និងមាត្រា៥៤៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី និងសំណុំរឿងរក្សាការពារលេខ៥៧៤ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៃសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យសុំរក្សាការពារចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ម្ចាស់បំណុល។

ប្រតិបត្តិការក្ដៅនេះ បានអនុវត្តធ្វើឡើងដោយមានការដឹកនាំចូលរួមពីលោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌ, លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ, លោក មាស សុផា អធិការរងនគរបាលខណ្ឌ តំណាងលោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌ, លោក កាន់ សុខ មេបញ្ជាការរងអាវុធហត្ថខណ្ឌ, លោក លឹម សាម៉ឺឌី ប្រធានការិយាល័យនិតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានខណ្ឌ, លោក អ៊ុក សុផល អនុប្រធានការិយាល័យ ដ ន ស ភ ខណ្ឌ, លោក សឿង ចាន់មុនី តំណាងអាជ្ញាធរសង្កាត់, លោក តូច គឹមសុង នាយប៉ុស្ដិ៍នគរបាល, លោក ញឹម សុផាត មេភូមិបឹងសាឡាង និងមន្ត្រីកងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ទៀត។

សូមជម្រាបថា ម្ចាស់បំណុលក្នុងសំណុំរឿងនេះឈ្មោះ LIN ZHIFEN ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិចិន តំណាងឱ្យក្រុមហ៊ុន YUNNAN SHENGMAO INVESTMENT (CAMBODIA) Co. LTD មានអាស័យដ្ឋានស្ថិតនៅ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឯកូនបំណុលឈ្មោះ DUAN ZHIGANG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនដូចគ្នា កាន់លិខិតឆ្លងដែនលេខ E១០១៦៧៦០០ មានសុពលភាពចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ជាបុគ្គលិកក្រុមហ៊ុន YO TI BUILDNG DECORATION ENGINEERING (CAMBODIA) Co. LTD មានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ ១៦E1 ផ្លូវ២១៥ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ទៀង សោភ័ណ បានបញ្ជាក់នៅក្នុងកំណត់ហេតុអនុវត្តជាក់ស្ដែង ដែលមានខ្លឹមសារថា៖

*ទី១៖ បង្គាប់ឱ្យកូនបំណុលឈ្មោះ DUANZHIGANG ធ្វើការរុះរើសម្ភារ ឧបករណ៍ផ្សេងៗ និងកម្មកររបស់កូនបំណុល ដែលកំពុងស្នាក់នៅក្នុងការដ្ឋានសាងសង់ឱ្យចេញពីទីតាំងការដ្ឋានសំណង់អាគារផ្សារ TRIUMPH TCC។

*ទី២៖ អនុញ្ញាតឱ្យម្ចាស់បំណុលដោយមានលោក ហេង ពូង ជាមេធាវីតំណាងដោយអាណត្តិ ចូលទៅគ្រប់គ្រង និងបន្តធ្វើការសាងសង់លើគម្រោងអាគារផ្សារ ដើម្បីចៀសវាងការខូចខាតធ្ងន់ធ្ងរ ឫគ្រោះថ្នាក់ បន្ទាប់ដល់ម្ចាស់បំណុល។ ចំពោះសម្ភារ និងឧបករណ៍ផ្សេងៗរបស់កូនបំណុល នៃការអនុវត្តដែលនៅសេសសល់ បានរក្សាទុកនៅក្នុងទីតាំងអគារផ្សារ ដោយទុករយៈពេល៣០ថ្ងៃគិតចាប់ពីថ្ងៃនៃការអនុវត្តនេះ ដើម្បីឱ្យកូនបំណុលស្នើសុំតាមក្រោយ ក្នុងករណីកូនបំណុលខកខានមិនបានស្នើសុំយកសម្ភារ និងឧបករណ៍ផ្សេងៗចេញ ពីទីតាំងអនុវត្តនេះទេ គណៈកម្មការយើងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឫខូចខាតឡើយ។

*ទី៣៖ ភាគីមានសិទ្ធិប្ដឹងតវ៉ានិងដីការសម្រេចនេះបាន បន្ទាប់ពីបានបញ្ចប់កំណត់ហេតុ នៅម៉ោង១០៖៣០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ដោយបានអានឱ្យអ្នកចូលរួមបានស្ដាប់ និងយល់ព្រមផ្ដិតម្រាមដៃទុកជាភស្តុតាងតាមផ្លូវច្បាប់។

លោក ហេង ពូង បានអះអាងថា ម្ចាស់បំណុលបានទុកចិត្តឱ្យកូនបំណុលឈ្មោះ DUAN ZHIGANG ធ្វើការម៉ៅការសាងសង់គម្រោងសំណង់អាគារចំនួន២ (អាគារA និង អាគារB) ទំហំទឹកប្រាក់ប្រមាណជា ១០លានដុល្លារ ដែលមានប្រព័ន្ធទឹក ភ្លើង អគ្គីភ័យ និងតុបតែងសំណង់អាគារ ដោយមានកិច្ចសន្យារវាងគូភាគីត្រឹមត្រូវស្របតាមច្បាប់។

លោកមេធាវីតំណាងដោយអាណត្តិឱ្យម្ចាស់បំណុល បានអះអាងទៀតថា កូនបំណុលតែងតែគំរាមកំហែងទាមទារប្រាក់ និងចុងក្រោយទាមទារបន្ថែម៣០ម៉ឺនដុល្លារទៀត ក្រោយពីបានបើកប្រាក់ជាបន្តបន្ទាប់ពីម្ចាស់បំណុល ចំនួន១០លានដុល្លារគ្រប់ចំនួន ក្នុងការម៉ៅការសាងសង់គម្រោងសំណង់អាគារចំនួន២ (អាគារA និង អាគារB) នៃផ្សារ TRIUMPH TCC ខុសពីការកំណត់ និងលើសក្នុងកិច្ចសន្យាចំនួន៣ នៅពេលកូនបំណុលឈ្មោះ DUAN ZHIGANG ប្រើឧបាយកលទុច្ចរិត ដោយពួកគេនិងឱ្យកម្មករធ្វើការតវ៉ាបះបោរហ៊ំព័ទ្ធបង្ករការអុកឡុកបិទទីតាំង និងវាយកម្ទិចសម្ភារក្នុងការដ្ឋានសំណង់ផ្សារ ហើយបើមានការខូចខាត និងគ្រោះថ្នាក់កើតឡើង ពួកគេមិនទទួលខុសត្រូវឡើយ៕