(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារ ជំនាញក្រសួង បញ្ចប់ការកែសម្រួល និងបំពេញបន្ថែមខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដោយផ្លូវថ្នល់ មុននឹងដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាបន្ត។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់ក្រុមការងារជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការកែសម្រួល និងបំពេញបន្ថែមសេចក្តីព្រាងអនុក្រឹត្យនេះឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ រហូតសម្រេចបានលទ្ធផល ផ្លែផ្កាតាមការគ្រោងទុក និងបានណែនាំឱ្យក្រុមការងាររៀបចំ និងពិនិត្យឱ្យបានសព្វគ្រប់ មុននឹងដាក់ឆ្លងយោបល់កិច្ចប្រជុំអន្តរក្រសួង។
ជាមួយគ្នានោះអង្គប្រជុំបានលើកយកមាត្រាដែលនៅសល់ពីកិច្ចប្រជុំលើកមុន មកបន្តពិភាក្សាលម្អិត ជាពិសេសមាត្រា ដែលពាក់ព័ន្ធនឹងគោលការណ៍នៃការកំណត់ដីចំណីផ្លូវថ្នល់ ការកំណត់ដីចំណីផ្លូវថ្នល់ទៅតាមប្រភេទមុខងារ និងចំណាត់ថ្នាក់នៃផ្លូវថ្នល់ដូចជា៖ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ វិធានការគ្រប់គ្រង និងនីតិវិធីលើការ ប្រើប្រាស់ដីចំណីផ្លូវថ្នល់ រួមទាំងបទប្បញ្ញត្តិដោយឡែកទោសប្បញ្ញត្តិ និងអវសានប្បញ្ញតិ្តផងដែរ។
សូមជម្រាបជូនថា សេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញ ផ្លូវថ្នល់ ដែលទើបបានបញ្ចប់ការពិភាក្សានាពេលនេះ មានចំនួន ៤៦ មាត្រា និង៨ជំពូក ត្រូវបានឆ្លងកាត់ ពិភាក្សាដេញដោលយ៉ាងផុលផុសពីក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួង សំដៅធ្វើយ៉ាងណាធានានូវសុក្រឹត្យភាពខ្ពស់ ចៀសវាងការបកស្រាយខុស និងភាពស្រពេចស្រពិលនៅពេលដាក់ឱ្យអនុវត្ត៕