(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​នៃកម្ពុជា បានប្រកាសថា មិនមានការអត់អោនឲ្យអ្នកណាក៏ដោយ ដែលធ្វើការមួលបង្កាច់បង្ខូចកិត្តិយសគណបក្សប្រជាជន នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងថ្នាកដឹកនាំគ្រប់ជាន់ថ្នាក់ រៀបចំមេធាវី ដើម្បីត្រៀមប្តឹងទៅកាន់តុលាការ ក្នុងករណីមានការមួលបង្កាច់រំលោភសិទ្ឋិ គណបក្សប្រជាជនកម្ពុជាដោយជនណាក៏ដោយ

សម្តេចតេជោ ហ៊ុន សែន ប្រកាសទាំងស្រុងនៅលើ Facebook ថា៖ «មិនមានការអត់អោនឲ្យអ្នកណាក៏ដោយ ដែលធ្វើការមួលបង្កាច់បង្ខូចកិត្តិយសគណបក្ស ប្រជាជន។ យើងគោរពសិទ្ឋិបញ្ចេញមតិ ប៉ុន្តែយើងប្រឆាំងដាច់ខាតចំពោះអ្នកមូលបង្កាច់បង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូរចំពោះគណបក្សប្រជាជន

* សិទ្ឋិបញ្ចេញមតិ និងការមួលបង្កាច់មានចរិតខុសគ្នាដូចមេឃនិងដី ។
* សិទ្ឋិរបស់អ្នកមានព្រំប្រទល់ជាមួយនិងសិទ្ឋិអ្នកដទៃ។ គណបក្សប្រជាជនចាំបាច់ត្រូវរក្សាននូវសិទ្ឋិរបស់ខ្លួន ដើម្បីការពារកិត្តិយស និងសេសចកតីថ្លៃថ្នូក្នុនាមបក្សដឹកនាំរាជរដ្ឋាភិបាល។
* សូមអំពាវនាវចំពោះអ្នកវិភាគ អ្នកអត្ថាធិប្បាយ កុំព្យាយាក្លែងបន្លំ ពណ៌ក្រហម និងពណ៌ផ្កាឈូក ថាវាដូចគ្នា។ អស់លោកមានសិទ្ឋិ សូមកុំភ្លេចថា យើងខ្ញុំក៏មានសិទ្ឋិដូចស់លោកដែរ។

* ខ្ញុំអំពាវនាវ សមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជា និងថ្នាកដឹកនាំគ្រប់ជាន់ថ្នាក់ រៀបចំមេធាវី ដើម្បីត្រៀមប្តឹងទៅកាន់តុលាការ ក្នុងករណីមានការមួលបង្កាច់រំលោភសិទ្ឋិគណបក្សប្រជាជនកម្ពុជាដោយជនណាក៏ដោយ។ កន្លងមកយើងបានអត់ឱនចំពោះជនខិលខូចទាំងនេះ ច្រើនណាស់រួចមកហើយ ប៉ុន្តែពួកគេមិនបានគិតដល់សេចក្តីថ្លៃថ្នូររបស់យើងឡើយ។ ការអត់ឱនពិតជាមានព្រំដែន ដែលបង្ខំអោយយើងចាប់ផ្តើមធ្វើសកម្មភាពផ្លូវច្បាប់ប្រឆាំងជនទាំងឡាយណាដែលនៅតែបន្តការមួលបង្កាច់បង្ខូចកិត្តិយសសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជាយើង។ ពេលនេះយើងកំពុងរៀបចំពាក្យប្តឹងចំពោះបុគ្គល ដែលបាននិងកំពុងបំផ្លាញកិត្តិយស និងសេចក្តីថ្នូររបស់គណបក្សប្រជាជនកម្ពុជា»។

 

សូមជំរាបថា កាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ Fresh News ថា គណបក្សប្រជាជនកម្ពុជា (CPP) កំពុងពិចារណាប្តឹង លោក អ៊ូ វីរៈ នាយកវេទិកាអនាគត បន្ទាប់ពីអ្នកវិភាគសង្គមរូបនេះ ចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នករៀបចំយុទ្ធសាស្រ្តរឿងអាស្រូវស្នេហ៍ លោក កឹម សុខា និង កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។

លោក សុខ ឥសាន បានបញ្ជាក់ថា លោក អ៊ូ វីរៈ កំពុងដើរលាបពណ៌ដាក់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋ  ភ័ន្តច្រឡំលើគណបក្សប្រជាជនកម្ពុជា។ លោកថា ករណីនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស របស់គណបក្សប្រជាជនកម្ពុជា ដែល ជាគណបក្សដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរីថា រឿងរ៉ាវអាស្រូវស្នេហ៍រវាងលោក កឹម  សុខា និង កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ នាពេលកន្លងមក ជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងបំបាក់ ប្រជាប្រិយភាពលោក កឹម សុខា។

វិទ្យុអាស៊ីសេរីបានដកស្រង់សម្តី លោក អ៊ូ វីរៈថា «យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក  កឹម សុខា និង ហិរញ្ញវត្ថុរបស់លោក។ ទោះបីជាយ៉ាងណា តុលាការប្រហែលជាមិនទាន់អាចចាប់ខ្លួនភ្លាមៗទេ ដោយរង់ចាំស៊ើប អង្កេតបន្ថែម៖ “គឺជាការគាបសង្កត់ខ្លាំងមែនទែន ហើយអាចមានប្រសិទ្ធភាព និងអាចរុញឲ្យបក្សប្រឆាំងទាល់ច្រក ហើយបើទាល់ ច្រក នឹងធ្វើឲ្យមានអស្ថិរភាពនយោបាយ”»

លោក អ៊ូ វីរៈ លើកឡើងតាមរយៈវិទ្យុនេះទៀតថា «ការដែលគណបក្សប្រជាជនកម្ពុជា រវល់គិតគូរបំបាក់គូប្រកួតប្រជែងនយោបាយ តាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះមួយចំនួន ក៏មិនពេញចិត្តចំពោះយន្តការនេះ ដែរ»

ចំពោះរឿងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា CPP នឹងប្តឹងអ្នកវិភាគមួយចំនួនទៀតផង ដែរ ក្នុងករណីដែលអ្នកវិភាគមាននិន្នាការនយោបាយទាំងនោះ ដើរនិយាយថា លាបពណ៌គណបក្សប្រជាជនកម្ពុជា ប្រាប់ប្រជាពល  រដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ។

សូមបញ្ជាក់ថា លោក អ៊ូ វីរៈ និងលោក កឹម សុខា គឺជាអតីតកូនចៅ និងមេកើយនិងគ្នា នៅពេលដែលលោក កឹម សុខា ធ្វើជាប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៕