(ភ្នំពេញ)៖ អតីតនិស្សិតខ្មែររៀននៅក្រៅប្រទេស ជុំវិញពិភពលោក ចំនួន៣៣៧នាក់ទៀត នៅថ្ងៃនេះ បានចេញលិខិតចំហរមួយ ទាមទារឱ្យ លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ សុំទោសជាសាធារណៈចំពោះការប្រមាថសញ្ញាបត្រក្រៅប្រទេសរបស់ លោក ហ៊ុន ម៉ាណែត។

ក្នុងលិខិតចំហរនេះ បានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតថ្នាក់បណ្ឌិត អនុបណ្ឌិត និងសញ្ញាបត្រថ្នាក់ឧត្តមសិក្សានានា ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស សូមសម្ដែងនូវការខកចិត្ត និងសោកស្ដាយជាពន់ពេក ចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបាននិយាយវាយតម្លៃបន្ទាបបន្ថោកដល់គុណភាពសញ្ញាបត្រសិក្សា ដែលយើងខ្ញុំទទួលបាននៅឯក្រៅប្រទេស ថាជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់»

ក្រុមបញ្ញ វន្តទាំងនេះ បានចាត់ទុកថា ការថ្លែងជាសាធារណៈរបស់អ្នកនយោបាយខាងលើនេះ គឺពិតជាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងជាការមិនទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់និស្សិតទាំងអស់គ្នា ដែលបានទៅនៅឆ្ងាយពីមាតុភូមិ បានតស៊ូសិក្សា និងបានជំនះគ្រប់ឧបសគ្គ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងយកចំណេះជំនាញមកចូលរួមកសាង និងអភិវឌ្ឍប្រទេសរបស់ខ្លួននៅពេលត្រលប់មកវិញ។

«តើបុគ្គលរូបនេះមានការខ្មាសអៀនដែរទេ ក្នុងនាមដើមកំណើតខ្មែរ ដែលមិនត្រឹមតែមិនលើកទឹកចិត្ត បែរជាបង្អាប់និស្សិតខ្មែរខ្លួនឯងទៅវិញ ហើយក៏ជាការបំបាក់ទឹកចិត្តនិស្សិតខ្មែរដទៃជាច្រើនរូបទៀត ដែលកំពុងត្រៀមទៅបន្តការសិក្សានៅក្រៅប្រទេសនាពេលអនាគត»។ នេះជាការបន្ថែមរបស់ក្រុមបញ្ញវន្តទាំងនោះ។

ពួកគេបានលើកឡើងទៀតថា «លើសពីនេះទៀត ការថ្លែងបែបនេះ គឺជាការវាយតម្លៃបន្ទាបបន្ថោកចំពោះគុណភាពអប់រំ ក៏ដូចជាប្រព័ន្ធអប់រំទាំងមូលនៃបណ្តាប្រទេស ដែលនិស្សិតខ្មែរយើងបានទៅសិក្សា និងបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយខណៈដែលអ្នកនយោបាយចាស់វស្សាខ្លួនឯងផ្ទាល់រូបនេះ ក៏ជាអតីតនិស្សិតខ្មែរមួយរូប ដែលទទួលបានការសិក្សានៅបរទេសផងដែរនោះ។ យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំរូបគាត់ ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ ដើម្បីបង្ហាញភាពជាគំរូដល់អ្នកនយោបាយជំនាន់ក្រោយ»

ទន្ទឹមនឹងនេះ នឹងទាមទារឱ្យ លោក សម រង្ស៉ី សុំទោសជាសាធារណៈនេះ ក្រុមបញ្ញវន្តខ្មែរទាំងនោះ ក៏បានប្រកាសគាំទ្រពេញទំហឹងចំពោះសាររបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបានស្នើ អ្នកនយោបាយខាងលើឲ្យធ្វើការបកស្រាយ និងសូមក្លាហានហ៊ានចេញមុខតទល់ ដើម្បីលុបលាងនូវការថ្លែងយ៉ាងអាម៉ាស់របស់ខ្លួននៅចំពោះមុខកូនខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕