(ភ្នំពេញ)៖ លោក ម៉ម វ៉ាន អ្នកកាសែតកោះសន្តិភាព ដែលមានបទពិសោធន៍ជាង២០ឆ្នាំ មកហើយនោះ បច្ចុប្បន្នលោកបានដាក់ ពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវី នៅក្នុងគណៈមេធាវី នៃកម្ពុជា។
ដោយសារលោក ម៉ម វ៉ាន ធ្លាប់ធ្វើជាជំនួយការ អ្នកច្បាប់តាំងពីឆ្នាំ ២០១២ រហូតមកទល់សព្វថ្ងៃនេះ គឺមានរយៈពេលជាង៥ឆ្នាំកន្លងមកហើយ គួបផ្សំនឹងលោកឆ្លៀតពេលសិក្សារៀនសូត្រ ប្រលងបញ្ចប់សញ្ញាប័ត្របរិញ្ញាប័ត្រច្បាប់ទៀតនោះ ទើបគណៈមេធាវីសម្រេចទទួលពាក្យសុំចូល ប្រកបវិជ្ជាជីវៈជាមេធាវីពីលោក ម៉ម វ៉ាន តាមច្បាប់ស្តីពី លក្ខន្តិកៈមេធាវី។
គួរបញ្ជាក់ថា ក្រៅពីសញ្ញាប័ត្រច្បាប់ និងបទពិសោធន៍ជាជំនួយការអ្នកច្បាប់ លោក ម៉ម វ៉ាន មានបទពិសោធន៍ជាអ្នកកាសែតល្បីមួយរូបនៅកម្ពុជា ដែលមានបទពិសោធជាង ២០ឆ្នាំកន្លងមក។ ក្រៅពីនេះលោក ម៉ម វ៉ាន មានសញ្ញាប័ត្រ២ផ្សេងទៀត គឺសញ្ញាប័ត្របរិញ្ញាប័ត្រទស្សនវិទ្យា និង សញ្ញាប័ត្រអនុបណ្ឌិតច្បាប់។ ហើយបច្ចុប្បន្នលោកកំពុងសិក្សាបន្ត យកសញ្ញាប័ត្របណ្ឌិតច្បាប់ថែមទៀត ដើម្បីឆ្លើតតបតាមតំរូវការជាក់ស្តែង ស្តីពីធន់ធាន មនុស្សនៅកម្ពុជា។
ឆ្លើយតបទៅនឹងការដាក់ពាក្យសុំរបស់ បេក្ខជន ម៉ម វ៉ាន លោក ប៊ុន ហុន ប្រធានគណៈមេធាវី នៃកម្ពុជា បានកោះហៅលោក ម៉ម វ៉ាន ចូលមកធ្វើការសម្ភាសន៍ដោយផ្ទាល់ម៉ាត់ នៅគណៈមេធាវី នាព្រឹកថ្ងៃទី២៥ មេសា ឆ្នាំ២០១៦ ដោយមានសមាសភាពចូលរួមពីអគ្គលេខាធិការរង នៃគណៈមេធាវីមួយរូប សមាជិកក្រុមប្រឹក្សាមេធាវី២រូប នៅចំពោះមុខលោកប្រធានគណៈមេធាវីផ្ទាល់ មុនពេលក្រុមប្រិក្សាមេធាវី សម្រេចអនុម័តឲ្យលោក ម៉ម វ៉ាន ក្លាយជាមេធាវី។
លោក ម៉ម វ៉ាន បានរៀបរាប់ថា មូលហេតុ ដែលរូបលោកចង់ក្លាយខ្លួនជាមេធាវី គឺដោយសាររូបលោកជា ក្មេងកំព្រាឪពុកម្តាយ ក្នុងរបបប៉ុលពត តាំងពីរូបលោកអាយុ៦ឆ្នាំមកម្ល៉េះ ហើយក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មក គឺរូបលោកផ្ញើខ្លួនប្រាណរស់រៀនជាមួយ ព្រះសង្ឃក្នុងទីវត្តអារាម។ ដូច្នេះរូបលោកស្គាល់អស់ហើយ នូវរសជាតិលំបាកវេទនា ទើបរូបលោកព្យាយាមកសាងខ្លួន ឲ្យបានក្លាយទៅជាមេធាវី ដើម្បីមានឱកាសជួយការពារពលរដ្ឋក្រីក្រតាមផ្លូវច្បាប់ ដែលមានរឿងរ៉ាវនៅក្នុងប្រព័ន្ធតុលាការ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ ក្នុងវិស័យច្បាប់។
លោក ម៉ម វ៉ាន សង្ឃឹមថា សមាជិកក្រុមប្រឹក្សាមេធាវី នៃកម្ពុជា និងសម្រេចផ្តល់ឱកាសឲ្យរូបលោកបានក្លាយខ្លួន ជាមេធាវីតាមច្បាប់ ពីស្តីពីលក្ខន្តិកៈមេធាវី នៅពេលដ៏ឆាប់ៗខាងមុខនេះ ជាក់ជាមិនខានឡើយ៕