(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការជួយដោះស្រាយវិបត្តិ នៅប្រទេសមីយ៉ាន់ម៉ា គឺកម្ពុជាមិនមានបំណង ដើម្បីស្វែងរកប្រយោជន៍នយោបាយ សេដ្ឋកិច្ច ឬយុទ្ធសាស្ត្រណាមួយឡើយ។

នេះជាការថ្លែងរបស់ប្រមុខការទូតកម្ពុជា បែបនេះបានធ្វើឡើងនៅក្នុងវគ្គសំណួរចម្លើយនៃ «បាឋកថាអាស៊ានលើកទី២៣៖ ភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា» រៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ ដែលចេញផ្សាយដោយក្រសួងការបរទេស នៅថ្ងៃទី៥ ខែមករា។

លោក ប្រាក់ សុខុន បានបន្តបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដោយលោកអះអាងថា វិបត្តិនៅមីយ៉ាន់ម៉ា គឺជាវិបត្តិរបស់អាស៊ានទាំងមូល ហើយអាស៊ានដែលមានតែ៩ប្រទេស មិនមែនជាអាស៊ានដែលមានគោលការណ៍កុងសង់ស៉ីសនោះទេ។ ឆន្ទៈដោះស្រាយវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា យ៉ាងច្បាស់លាស់នោះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅប្រទេសនេះ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហានេះនឹងមិនត្រូវបានដោះស្រាយដោយការធ្វើទស្សនកិច្ចតែម្តង ពីរ ឬបីដង ឬក្នុងពេលធ្វើជាប្រធានប្តូរវេនមួយដងនោះទេ ហើយចំណុចមួយដែលខ្ញុំចង់គូសបញ្ជាក់គឺថា កម្ពុជាមិនស្វែងរកផលចំណេញខាងនយោបាយ សេដ្ឋកិច្ច ឬយុទ្ធសាស្ត្រណាមួយពីអ្វីដែលយើងកំពុងធ្វើ នៅក្នុងប្រទេសមីយ៉ាន់ម៉ានោះឡើយ។ យើងគ្រាន់តែចង់ជួយ ព្រោះកម្ពុជាមានរឿងដ៏សោកសៅនៃសង្រ្គាមស៉ីវិល សោកនាដកម្ម ទុក្ខវេទនា ហើយយើងចង់ជួយប្រជាជនមីយ៉ាន់ម៉ា ឱ្យចៀសផុតពីសោកនាដកម្មបែបនេះ»

លោកបញ្ជាក់ទៀតថា កម្ពុជានឹងមិនសម្រេចចិត្តជំនួសឱ្យប្រជាជនមីយ៉ាន់ម៉ាទេ។ ប៉ុន្តែដូចអ្វីដែលរដ្ឋមន្ត្រីការបរទេសថៃ បាននិយាយ គឺវាត្រូវការពេលវេលា និងការអត់ធ្មត់ ហើយពេលធ្វើជាប្រេសិតពិសេស លោកនឹងបន្ថែមគុណតម្លៃមួយទៀត នោះគឺការប្រកាន់យកភាពជាក់ស្តែងនិយម (pragmatism)។

លោក ប្រាក់ សុខុន បញ្ជាក់បន្ថែមថា «យើងនឹងចាប់ផ្តើមជាមួយនឹងបញ្ហាដែលងាយស្រួលមុន ក្នុងចំណោមចំណុចនានា នៅក្នុងកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ចំណុច (5PCs)។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ក្នុងនាមជាប្រេសិតពិសេស ខ្ញុំនឹងធ្វើទៅតាម 5PCs និងធម្មនុញ្ញអាស៊ាន។ តួនាទីរបស់ខ្ញុំ នឹងក្លាយជាអ្នកសម្របសម្រួល អ្នកផ្សះមជ្ឈត្តករ ហើយដំណើរការនយោបាយទាំងមូល នឹងត្រូវដឹកនាំដោយមីយ៉ាន់ម៉ា»

មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឲ្យអាស៊ានបាត់បង់កុងសង់ស៉ីស នៅក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក។

តាមរយៈជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាស៊ានបានដាក់ចេញនូវគោលការណ៍ចំនួន ៥ចំណុច ដែលក្នុងនោះមាន៣ចំណុច ត្រូវបានផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគោលការណ៍ទាំងនេះរួមមាន៖

* ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
* ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
* ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
* ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
* ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នឹងមិនជជែកអ្វីលើសពីគោលការណ៍ ៥ចំណុចរបស់អាស៊ាន ដែលបានដាក់ចេញក្នុងជំនួបកំពូលពិសេសនោះទេ។

ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់ ប្រទេសអេស្ប៉ាញ សម្តេចបញ្ជាក់ទៀតថា ដំណើរសម្តេចទៅមីយ៉ាន់ម៉ា គឺមិនចង់បានប្រយោជន៍អ្វី ពីប្រទេសនេះដែរ៕