(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងបើកសម័យប្រជុំលើកទី៨ នីតិកាលទី៤ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ស្អែកនេះ ដោយមានរបៀបវារៈចំនួន៦។ នេះបើតាមសេចក្តីប្រកាសព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការកំណត់ពេលបើកសម័យប្រជុំនេះ ធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃនេះ ដើម្បីកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម្រាប់សម័យប្រជុំលើកទី៨។

តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខធិការដ្ឋានព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ដើម្បីបើកសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖

*១៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ ព្រឹទ្ធសភានីតិកាលទី៤។
*២៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ជំនួស លោកជំទាវ ឱ សុខុម ដែលបានទទួលមរណភាព។
*៣៖ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភានីតិកាលទី៤។
*៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាស ពាណិជ្ជកម្ម ។
*៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជ-កម្ម និងបញ្ជីពាណិជ្ជកម្ម ។
*៦៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម-ព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ៕