(ភ្នំពេញ)៖ ក្នុងវ័យត្រឹម ២៨ឆ្នាំ លោក ទង ពុទ្ធី ត្រូវបានសាកលវិទ្យាល័យ European International University នៅប្រទេសបារាំង បានសម្រេចផ្តល់សញ្ញាបត្រជា «បណ្ឌិតកិត្តិយស ជំនាញគ្រប់គ្រងអាជីវកម្ម» ។ ទន្ទឹមជាមួយគ្នា រូបលោកក៏ត្រូវបានសាកលវិទ្យាល័យខាងលើ កោតសរសើរ និងទទួលស្គាល់អំពីចំណេះដឹង ព្រមទាំងសមត្ថភាពការងារផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងធនធានមនុស្សផងដែរ។

លោក ទង ពុទ្ធី ទទួលបានការកោតសសើរ និងត្រូវបានទទួលស្គាល់ ទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ។ ក្នុងនាមកូនខ្មែរ ដែលកើតថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩២ នាទីក្រុងភ្នំពេញ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រក្នុងនាមជាសិស្សឆ្នើមប្រចាំជំនាន់ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកនីតិសាស្ត្រ ដោយទទួលបានការផ្តល់ជូនបរិញ្ញាបត្រ័ដោយផ្ទាល់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

ទន្ទឹមជាមួយគ្នា បណ្ឌិតវ័យក្មេងរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ដូចជាបានបញ្ចប់បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។ លើសពីនេះ លោក ទង ពុទ្ធី ក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវីទ្យាល័យបរទេសមួយផងដែរ ។

មួយទសវត្សរ៍កន្លងផុតទៅ លោកបណ្ឌិត ទង ពុទ្ធី ត្រូវបានក្រុមហ៊ុនជាតិ និងអន្តរជាតិ ទទួលស្គាល់ លើបទពិសោធន៍ ក៍ដូចជាចំណេះដឹងដ៏ទូលំទូលាយលើភាពជាអ្នកដឹកនាំ ជាពិសេសលើការងារស្នូលធនធានមនុស្សលើស្ថានប័នធំៗជាច្រើន ក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យហិរញ្ញវត្ថុ។

លោក ទង ពុទ្ធី គឺជាជនជាតិខ្មែរដំបូងគេ ដែលបានប្រលងជាប់វីជ្ជាជីវ:គ្រប់គ្រងធនធានមនុស្ស និងទទួលបានការទទួលស្គាល់ពីស្ថាប័ន American Certification Institute ដែលមានស្នាក់ការនៅ រដ្ឋ Delaware សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០ ហើយជាពិសេស នៅថ្ងៃទី០៨ ខែមករា ២០២១ លោកក៏បានប្រលងជាប់វគ្គបញ្ជាក់ពីវិជ្ជាជីវ:វិញ្ញាបនបត្រជាន់ខ្ពស់នៃវគ្គ Regulatory Compliance Certification វគ្គ Cooperate Governance Master Class និង វគ្គ Cooperate Secretary Master Class ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាទៀតផង ។

បច្ចុប្បន្ននេះលោក ទង ពុទ្ធី គឺជាទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនអន្តរជាតិ MR Retail ដ៏ល្បីល្បាញរបស់ប្រទេសថៃ ហើយលោកក៍កាន់តួនាទីជានាយកគ្រប់គ្រងធនធានមនុស្ស នៃធនាគារ SME ផងដែរ ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏តែងតែចំណាយពេលផ្ទាល់ខ្លួន ចែករំលែក និងបង្រៀនវគ្គខ្លីជូនដល់និស្សិតក្រីក្រ ក៏ដូចជាក្មេងកំព្រានៅតាមមណ្ឌលកំព្រាដោយមិនគិតតម្លៃសេវាទៀតផង ។

លោកបណ្ឌិតពុទ្ធីបានចែករំលែកនូវមតិយោបល់សម្រាប់យុវជនជំនាន់ក្រោយថា «យើងម្នាក់ៗត្រូវមានទំនុកចិត្តខ្ពស់លើខ្លួនឯង និងដាក់ផែនការយ៉ាងម៉ត់ចត់សម្រាប់ការសម្រេចក្តីស្រម៉ៃក្នុងជីវិត ។ ជីវិត យើង ជាកម្មសិទ្ធរបស់យើង សូមកុំឲ្យសម្តី និងការរិះគន់អ្នកដ៍ទៃ មានឥទ្ធិពលអវិជ្ជមានមកលើជីវិតរបស់យើង» ៕