(កំពង់ចាម)៖ ក្នុងពិធីបូកសរុបលទ្ធផលការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឲ្យសាមីអង្គភាព យកទៅអនុវត្ត ក្នុងឆ្នាំ២០២២នេះ។

លោកអភិបាលខេត្ត បានថ្លែងថា ទន្ទឹមនឹងសមិទ្ធិផលដែលមន្ទីរកសិកម្មសម្រេចបាន ក្នុងឆ្នាំ២០២១នោះ ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួនជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីយកទៅអនុវត្តបន្តដូចខាងក្រោម៖

*ទី១៖ ជំរុញការផ្សព្វផ្សាយបច្ចេកទេសកសិកម្មសមស្រប និងពិពិធកម្មកសិកម្ម
*ទី២៖ ជំរុញការិយាល័យជំនាញ បន្តចុះអនុវត្ត និងតាមដានការអនុវត្ត របស់ប្រជាកសិករព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្របឲ្យបានទាន់ពេលវេលា
*ទី៣៖ ត្រៀមលក្ខណៈ និងសម្ភារទុកជាមុនសម្រាប់ចុះអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិកើតឡើង ជាពិសេស គ្រោះខ្វះទឹក ត្រូវចេះសហការល្អជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករឲ្យ ចេះគ្រប់គ្រងទឹក ដោយលើកភ្លឺ លើកទំនប់ទប់ស្កាត់ និងស្តុកទឹកទុកការពារគ្រោះខ្វះទឹកជាយថាហេតុ
*ទី៤៖ សូមមន្ត្រីជំនាញរបស់មន្ទីរ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អបន្ថែមទៀត និងបន្តកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងអង្គការជាតិ-អន្តរជាតិដែលជួលឧបត្ថម្ភគាំទ្រលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
*ទី៥៖ បន្តជំរុញការអប់រំផ្សព្វផ្សាយពីវិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្មនិងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាពដល់កសិករ និងក្រុមហ៊ុនផ្សេងៗ
*ទី៦៖ ជំរុញការចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារដើម្បីជួយប្រជាកសិករចៀសវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល
*ទី៧៖ ត្រៀមជំរុញមន្ត្រីជំនាញ ឲ្យចុះធ្វើការផ្សព្វផ្សាយ និងសហការសម្របសម្រួលជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អនុវត្តប្រកាសស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺ ផ្តាសាយបក្សី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសេចក្តីណែនាំ របស់រដ្ឋបាលខេត្តកំពង់ចាម
*ទី៨៖ ត្រូវត្រៀមវ៉ាក់សាំងដែលចាំបាច់ ជាពិសេសវ៉ាក់សាំងជំងឺអុតក្តាម(FMD) ពីគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់ការធ្វើយុទ្ធនាការនៅមូលដ្ឋាន
*ទី៩៖ ត្រូវខិតខំបន្តអនុវត្តខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលព្រៃឈើ និងបន្តអនុវត្តច្បាប់ បទបញ្ជា សារាចរ ប្រកាស របស់រាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងការគ្រប់គ្រងការពារវិស័យព្រៃឈើ
*ទី១០៖ ត្រៀមការងារទប់ស្កាត់ និងការបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ច និងជម្រុញការអនុវត្តច្បាប់ចំពោះសិប្បកម្មកែច្នៃ និងរោងសន្និធិ លក់ ចែកចាយផល អនុផលព្រៃឈើ
*ទី១១៖ ខិតខំបណ្តុះកូនឈើសម្រាប់ដាំ និងចែកចាយជូនប្រជាពលរដ្ឋទៅដាំនៅតាមលំនៅដ្ឋាន និងផ្លូវសាធារណៈ និងថែទាំកូនឈើដែលមានក្នុងថ្នាល
*ទី១២៖ បន្តផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើនិងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យព្រៃឈើ
*ទី១៣៖ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជានេសាទទាំងក្នុង និងក្រៅសហគមន៍នេសាទឲ្យយល់ជ្រួតជ្រាបពីសារៈប្រយោជន៍នៃការគ្រប់គ្រងធនធានជលផលក្នុងដែននេសាទសហគមន៍
*ទី១៤៖ ត្រៀមការសហការក្នុងការចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទពិសេសនៅតំបន់អភិរក្សជលផល
*ទី១៥៖ ចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតកូនត្រីពូជ ដល់កសិករថ្មីដែលបានជ្រើសរើស
*ទី១៦៖ បន្តចុះផ្សព្វផ្សាយដល់វារីវប្បករទូទៅ ស្តីពីការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់ និងត្រីឆៅ
*ទី១៧៖ មន្ទីរកសិកម្ម សហការជាមួយអាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញ ដើម្បីកំណត់ផ្ទៃដីបឹង ដីរដ្ឋរក្សាទុក ត្រូវបោះបង្គោលព្រំ និងចុះបញ្ជីឱ្យបានត្រឹមត្រូវ
*ទី១៨៖ ពិនិត្យលទ្ធភាពក្នុងការសិក្សាប្រភេទដីជូនប្រជាពលរដ្ឋ
*ទី១៩៖ បង្កើនការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ជូនដល់ប្រជាពលរដ្ឋ សំដៅឱ្យការដាំដុះទទួលបានទិន្នផលខ្ពស់ស្របតាមតំរូវការទីផ្សារ៕