(ភ្នំពេញ)៖ កីឡាការិនី អ៊ុក ស្រីមុំ បានបង្កើតកំណត់ត្រាថ្មីសម្រាប់កម្ពុជាលើការប្រកួតកីឡាប៉េតង់កម្រិតពិភពលោក ដោយដណ្តើមយកមេដាយមាស ធ្វើកម្ពុជាក្លាយជាប្រទេសគ្រងតំណែងម្ចាស់មេដាយមាសលើការប្រកួតកីឡាប៉េតង់កម្រិតពិភពលោកនេះ៥សម័យកាលជាប់គ្នា។ ជ័យជម្នះ និងការដណ្តើមបានមេដាយមាសលើការប្រកួតកីឡាប៉េតង់របស់កីឡាការិនី អ៊ុក ស្រីមុំ បាននាំមកនូវមោទនភាព និងលើកកម្ពស់កេត្យានុភាពជាតិកម្ពុជាលើវិស័យកីឡាប៉េតង់នេះផងដែរ។

បច្ចុប្បន្នកីឡាការិនី អ៊ុក ស្រីមុំ មានអាយុប្រមាណ ៤៩ឆ្នាំហើយ ហើយកីឡាការិនីរូបនេះ បានចូលហ្វឹកហាត់លើការលេងប៊ូលនេះតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ ក្នុងបទសម្ភាសន៍ជាមួយ Fresh News កីឡាការិនី អ៊ុក ស្រីមុំ បានរំលឹកថា ការក្លាយខ្លួនជាអ្នកលេងប៊ូលនេះ មិនមែនជាការផ្តួចផ្តើមរបស់គ្រួសារ ឬជាមហិច្ឆតារបស់ខ្លួននោះឡើយ តែបានផ្តើមចេញពីការបោះផ្លែក្រសាំង។

កីឡាការិនី អ៊ុក ស្រីមុំ បានរំលឹកថា កាលនៅក្មេងគ្រួសាររបស់ខ្លួនមិនសូវជាធូរធានោះឡើយ ហើយម្តាយជាអ្នកដាំបាយឱ្យកីឡាករនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឬគេនិយមហៅថាស្តាតចាស់នោះ។ តាមរយៈម្តាយជាអ្នកដាំបាយជូនកីឡាករ ជាហេតុនាំឱ្យកីឡាការិនី អ៊ុក ស្រីមុំ ចេញចូលនៅស្តាតចាស់ ដែលជាកន្លែងហ្វឹកហាត់របស់កីឡាករស្ទើរតែរៀងរាល់ថ្ងៃ។

នៅថ្ងៃពេលមួយពេល អ៊ុក ស្រីមុំ បានលេងបោះផ្លែក្រសាំង ស្រាប់តែគ្រូបង្វឹកផ្នែកបោះប៊ូលបានឃើញបោះត្រង់ ហើយគាប់ជូនសហព័ន្ធប៊ូលកំពុងត្រូវការកីឡាករ កីឡាការិនីហ្វឹកហាត់ផងនោះ។ អ៊ុក ស្រីមុំ ក៏ត្រូវបានគេកោះហៅឱ្យចូលហ្វឹកហាត់ប៊ូលនេះ នៅឆ្នាំ១៩៩៧ ពេលនោះទើបមានវ័យប្រមាណជា ១៦ឆ្នាំប៉ុណ្ណោះ។

បន្ទាប់ពីហ្វឹកហាត់បានប្រមាណជាមួយឆ្នាំ កីឡាការិនី អ៊ុក ស្រីមុំ ក៏បានមានឱកាសចេញទៅប្រកួតកីឡាស៊ីហ្គេម នៅប្រទេសសិង្ហបុរី ហើយក៏ទទួលបានមេដាយមាសផងដែរ។

ដោយមានទេពកោសល និងការប្រឹងប្រែងហ្វឹកហាត់ ដោយមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំផ្នែកកីឡាប៊ូល ដែលមានសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធានសហព័ន្ធ និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងគ្រូបង្វឹកផងនោះ បានធ្វើឱ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីដ៏ខ្លាំងពូកែមួយរូប។

កីឡាការិនី អ៊ុក ស្រីមុំ បានឱ្យដឹងថា រហូតមកដល់ពេលនេះខ្លួនដណ្តើមបានមេដាយសរុបជាង៤០ហើយ។ ក្នុងនោះមេដាយមាសជាង១០ ហើយមេដាយមាសកម្រិតពិភពលោកចំនួនពីរ។ មេដាយមាសកម្រិតពិភពលោកលើកទី១ ទទួលបានកាលពីឆ្នាំ២០១៧ ហើយលើកទី២ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

កីឡាការិនី អ៊ុក ស្រីមុំ បានលើកឡើងថា ដើម្បីក្លាយខ្លួនជាពូកែខាងប៊ូលនេះ ក្រៅពីទេពកោសលពពីធម្មជាតិហើយនោះ គឺត្រូវការហ្វឹកហាត់ជាចាំបាច់។ បើការហ្វឹកហាត់មិនដិតដល់ទេ គឺមិនអាចខ្លាំងបាននោះឡើយ។

ម្ចាស់មេដាយមាសពិភពលោកកីឡាប៉េតង់រូបនេះ បានឱ្យដឹងផងដែរថា ដើម្បីបោះប៊ូលពូកែ គឺត្រូវការកិច្ចសហការព្រមគ្នានៃកាយសម្បទាដូចជាដៃ ជើង ដងខ្លួន ចង្កេះ និងភ្នែក។ បន្ថែមពីលើនោះ នៅពេលប្រកួតម្តងៗ ត្រូវតែភ្ជង់អារម្មណ៍ឱ្យបានខ្ពស់បំផុត។

កីឡាការិនី អ៊ុក ស្រីមុំ បានបង្ហាញនូវក្តីរីករាយ ហើយក៏មោទនភាពចំពោះខ្លួនឯងខ្លាំងណាស់ដែរ ដែលអាចរួមចំណែកនាំមកនូវមោទនភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ សមិទ្ធផលដែលទទួលបាននេះ បានកើតចេញពីកិច្ចប្រឹងប្រែងយ៉ាងខ្លាំងរបស់ខ្លួន ក៏ដូចជាការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំកីឡាប៊ូល និងប៉េតង់ ព្រមទាំងគ្រូបង្វឹក និងមិត្តរួមអាជីព។

កីឡាការិនី អ៊ុក ស្រីមុំ បានបង្ហាញការតាំងចិត្តថា ដរាបណាកម្លាំងនៅមានខ្លួននឹងប្រឹងប្រែងហ្វឹកហាត់ ដើម្បីដណ្តើមយកមេដាយសម្រាប់ការប្រកួតដទៃទៀត។ ជាពិសេសការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕