(ភ្នំពេញ)៖ កម្មវិធី The Voice Cambodia នៅរាត្រីថ្ងៃអាទិត្យ ទី២៤ ខែមេសា បានធ្វើឲ្យគ្រូបង្វឹកទាំង៤រូប និងអ្នកទស្សនាស្រក់ទឹកភ្នែកពេញ កម្មវិធី The Battle Week2 ព្រោះតែ កញ្ញា អ៉ឹង មួយគា វះកាត់បាត់សួតចំហៀង ព្យាយាមស្រែកច្រៀងអស់ពីសមត្ថភាព នៅតែមិនឈ្នះ រ៉េត ស៊ូហ្សាណា។
ការប្រឡងចម្រៀងរបស់អ្នកទាំងពីរនេះ រវាងកញ្ញា អ៉ឹង មួយគា និងកញ្ញា រ៉េត ស៊ូហ្សាណា ច្រៀងបទ «Girl on Fire» ពិតជាធ្វើឲ្យកក្រើកពេញកម្មវិធី The Voice Cambodia។ មួយគា និង ស៊ូហ្សាណា សុទ្ធតែជាបេក្ខនារីមកពី រាជធានីភ្នំពេញដូចគ្នា។
បន្ទាប់ពីច្រៀងចប់ កញ្ញា ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹករបស់កូនក្រុមអ្នកទាំងពីរ បានថ្លែងជាសាធារណថា អ៉ឹង មួយគា បានវះកាត់សួតមួយចំហៀង និងមានបញ្ហាបំពង់សំឡេង ទើបធ្វើឲ្យនាងមានបញ្ហានៅពេលច្រៀង ប៉ុន្តែនៅតែព្យាយាមស្រែកច្រៀង និងធ្វើបានល្អនៅក្នុងការប្រឡងនេះ។ ក្រោយពី ឱក សុគន្ធកញ្ញា ប្រកាសអំពី មួយគា វះកាត់សួត បានធ្វើឲ្យទាំងគ្រូបង្វឹក និងទស្សនិកជនស្រក់ទឹកភ្នែក ព្រោះតែកោតសរសើរនូវការតាំងចិត្ត ប្រឹងប្រែងរបស់មួយគា ទាំងដែលខ្លួនមានសួតតែមួយចំហៀង។
«ខ្ញុំរំភើបចិត្ត ហើយខ្ញុំត្រេកអរ ដែលបានទទួលក្មេងស្រីពីរនាក់នេះជាកូនក្រុមរបស់ខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកទាំងពីរ» នេះជាការលើកឡើងរបស់កញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងកម្មវិធី The Voice Cambodia របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។
សូមទស្សនាការប្រឡងរវាង អ៉ឹង មួយគា ជាមួយស៊ូហ្សាណា ច្រៀងបទ Girl on Fire ធ្វើឲ្យស្រក់ទឹកភ្នែកពេញកម្មវិធី៖