(រតនគិរី)៖ ដោយមានការចង្អុលបង្ហាញពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បាននាំគ្រឿងចក្រ ចុះស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង៨០០ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនោះ, លោក ញ៉ែម សំអឿន បានបញ្ជាឱ្យនាំគ្រឿងចក្រចុះជាបន្ទាន់។
នាឱកាសនោះដែរ លោកបានបន្តថា ទោះបីក្នុងបរិបទកូវីដ១៩ ក៏ដោយក្រុមការងារមន្ទីរសាធារណការ នៅតែមមាញឹកដោយគិតពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោកសាយ សាមាន បានបញ្ជាក់ថា ផ្លូវខាងលើនេះបានចាក់គ្រឹះរួចរាល់ត្រៀមនឹងក្រាលកៅស៊ូកិនបង្ហាប់ឱ្យរួចរាល់ក្នុងពេលឆាប់ខាងមុខនេះដោយតភ្ជាប់ជាមួយផ្លូវបេតុងអាមេប្រវែង៣០០ម៉ែត្រ ជាមូលនិធិឃុំ-សង្កាត់។
ទន្ទឹមនេះដែរលោក សាយ សាមាន ក៏បានសំណូមពរចំពោះប្រជាពលរដ្ឋសូមចូលរួមថែរក្សាផ្លូវមួយខ្សែនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង។ លោក ទិន លួង ចៅសង្កាត់យក្សឡោម និងប្រជាពលរដ្ឋទាំងអស់មានការត្រេកអរ យ៉ាងខ្លាំង និងថ្លែងអំណរគុណលោក ញ៉ែម សំអឿន អភិបាលខេត្ត, លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន, លោក ងិន ណែល អភិបាលក្រុងបានលុងដែលតែងតែជួយដោះស្រាយបញ្ហាផ្សេងៗ ពេលដែលពួកគាត់ជួបការលំបាក។
ប្រជាពលរដ្ឋក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង បានលើកឡើងពីសារៈសំខាន់ផ្លូវមួយខ្សែនេះ ស្ថាបនារួចរាល់គឺផ្តល់ភាពងាយស្រួលដូចជា ដឹកកសិផល, ធ្វើដំណើរទៅផ្សារបានលុង, ទៅមន្ទីរពេទ្យ, កូនចៅពួកគាត់ទៅសាលារៀនជាពិសេសងាយស្រួលធ្វើដំណើរនៅរដូវវស្សា៕