(ភ្នំពេញ)៖ បើទោះបីស្ថានភាពជំងឺកូវីដ១៩ បានអូសបន្លាយនៅកម្ពុជាអស់រយៈពេលរាប់ឆ្នាំ តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា នៅតែមានសកម្មភាពធ្វើជាបន្តបន្ទាប់។ ជាក់ស្តែងការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ នៅតែមានសកម្មភាពជាបន្តបន្ទាប់ មិនមានការអាក់ខានទាំងស្រុងឡើយ។ នេះបើយោងតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ។
លោក ម៉េត មាសភក្ដី បានថ្លែងទៀតថា យោងតាមផែនការបើសិនមិនមានការរាំស្ទះដោយសារជំងឺកូវីដ១៩ ដំណើរការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ នឹងរួចរាល់ហើយគិតមកដល់ពេលនេះ តែដោយសារភាពមិនរលូនដោយសារជំងឺកូវីដ១៩ ទើបបានបន្តអូសបន្លាយមក ដែលគិតមកដល់ពេល ការសាងសង់សម្រេចបានប្រមាណ ៩២% ហើយ ក្នុងនោះគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ។
លោក ម៉េត មាសភក្ដី ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការយោគយល់ចំពោះបញ្ហាកកស្ទះនៅចំណុចស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ដោយហេតុថា គោលបំណងដែលរាជរដ្ឋាភិបាល និងសាលា រាជធានីភ្នំពេញ បានចំណាយថវិកាក្នុងការសាងសង់នៅចំណុចនោះក្នុងគោលចំណងកាត់បន្ថយការ កកស្ទះជូនប្រជាពលរដ្ឋ ហើយចំពោះតំបន់ដែលមានការដ្ឋានសាងសង់ គឺតែងតែមានផលរំខានសម្រាប់ប្រជាពលរដ្ឋ ដូចនេះហើយសូមប្រជាពលរដ្ឋអធ្យាស្រ័យ និងមានការអត់ធ្មត់បន្ថែទៀត ខណៈការសាងសង់និងរួចរាល់ក្នុងពេលឆាប់ៗនេះ។
គួររំលឹកថា ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា ៣ផ្នែករួមមាន៖
*ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមា ដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។
*ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
*ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវ និងផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ។
ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។
គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន៕