(ភ្នំពេញ)៖ ក្រសួងធនធានទឹក និង ឧតុនិយម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងដើម្បីដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការបច្ចេកទេស លើការរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្ត។
ការចុះហត្ថលេខា បានធ្វើឡើងនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាពលោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាតំណាងលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម និង លោកស្រី កាមេ ហារុកូ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសរួមរវាងភាគីទាំង២ បានបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមដំណើរការអនុវត្តសកម្មភាពនៅក្នុងត្រីមាសទី ២ ឆ្នាំ២០២២ ខាងមុខនេះ។ ទន្ទឹមនឹងសមិទ្ធិផល ដែលសម្រេចបានគួរឲ្យកត់សម្គាល់នាឆ្នាំកន្លងមក ដែលបានគាំទ្រដល់ការបង្កើនផលិត ភាពកសិកម្ម តាមរយៈការជួសជុល និងការសាងសង់ប្រព័ន្ធធារាសាស្រ្តក៏ដោយ ក៏ស្ថេរភាពក្នុងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការស្រោចស្រពនូវតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនផលិតភាពកសិកម្ម។
លើសពីនេះ តម្រូវការដើម្បីធានាបាននូវស្ថេរភាព និងទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រពមានការកើនឡើងខ្លាំង នៅពេលដែលវិស័យកសិកម្ម គឺជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅបណ្តាប្រទេសជាច្រើន ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។ ការធ្វើទំនើបកម្មកសិកម្ម ចាំបាច់ត្រូវលើកកម្ពស់ ដែលក្នុងនោះប្រព័ន្ធធារាសាស្រ្តក៏នៅតែដើរតួរយ៉ាងសំខាន់ ក្នុងការធានាស្ថិរភាព និងប្រសិទ្ធិភាពទឹកសម្រាប់ការស្រោចស្រព។
ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍លើវិស័យធនធានទឹក និង ឧត្តុនិយម ២០១៩ - ២០២៣ បានកំណត់អាទិភាពលើការបង្កើនសមត្ថភាពនៃប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ និង ពង្រីកផ្ទៃដីស្រោចស្រពរហូតដល់ ១.៩៥២ ពាន់ ហិចតា នៅឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក្តី ស្តង់ដាជាតិសម្រាប់ប្រព័ន្ធធារាសាស្រ្ត នៅមិនទាន់បានរៀបចំនៅឡើយ ហើយសមត្ថភាពរបស់មន្រ្តីក្រសួង និង មន្ទីរធនធានទឹក និង ឧតុនិយម ក៏ទាមទារឲ្យមានការអភិវឌ្ឍ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាព នូវផែនការសកម្មភាពដោយរក្សាបាននូវគុណភាព និងសមស្របតាមទំហំថវិការវិនិយោគ។
ក្នុងបរិបទនេះ គម្រោងនឹងរៀបចំស្តង់ដាសម្រាប់សំណង់ធំៗចំនួន ២ ប្រភេទ គឺ សំណង់ក្បាលហុងទឹក និង ប្រព័ន្ធប្រឡាយ ក៏ដូចជាសំណង់សិល្បៈកានានា ដោយយោងតាមលក្ខណវិនិច្ឆ័យរបស់ប្រទេសជប៉ុន។ លក្ខណវិនិច្ឆ័យស្តង់ដា និង សៀវភៅណែនាំស្តង់ដា នឹងរៀបចំឡើងសម្រាប់គោលបំណងទូទៅពាក់ព័ន្ធនឹងការធ្វើផែនការ និងការងាររចនាប្លង់ សម្រាប់ប្រព័ន្ធធារាសាស្រ្តខ្នាត តូច ធម្យម និង ធំ។
ឯកសារស្តង់ដានេះ នឹងរួមចំណែកដល់ការកសាង ក៏ដូចជាការពង្រឹងសមត្ថភាពមន្រ្តី ក្រសួង និង មន្ទីរធនធានទឹក និង ឧតុនិយម តាមរយៈ៖
១៖ សន្សំសំចៃសំភារៈសំណង់
២៖ កាត់បន្ថយការចំណាយលើការរចនាប្លង់
៣៖ ធានាលក្ខណៈស្របគ្នានៃការរចនាប្លង់ទៅនឹងប្លង់នៃគម្រោងផ្សេងទៀត
៤៖ មានលក្ខណៈជាសនិទានកម្មលើការងារសាងសង់
៥៖ គាំពារ លក្ខណៈជាសកល និង ការធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យា
៦៖ ធ្វើការងារដោយអ្នកសាងសង់ និង វិស្វករក្នុងស្រុក
៧៖ កសាងផែនការថវិកា និង លទ្ធកម្ម សម្រាប់ស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ជាដើម៕