(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ បានបន្ដណែនាំដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល ដើម្បីពន្លឿនការសាងសង់មន្ទីរពេទ្យ ព្យាបាលអ្នកជំងឺកូវីដ១៩។
ការណែនាំយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើម បានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្ដម ឃួង ស្រេង ត្រូវខិតខំជាមួយក្រសួងសុខាភិបាល ដើម្បីពន្លឿនការធ្វើមន្ទីរពេទ្យ ហើយដើម្បីរំដោះយកអ្នកជំងឺចាកចេញ (ពីស្ដាតអូឡាំពិក) [...] ឆ្នាំក្រោយយើងហើយ ដូច្នេះនៅសល់ពេលវេលាមួយឆ្នាំ»។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា មកដល់ពេលនេះ កម្ពុជានៅសល់អ្នកជំងឺកូវីដ១៩ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ចំនួន១២៦នាក់ ក្នុងចំណោមអ្នកជំងឺ ដែលនៅសល់សរុបជាង៥០០នាក់។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាត្រូវការកន្លែងមួយទៀត ដើម្បីធ្វើជាកន្លែងមជ្ឈមណ្ឌល ព្យាបាលអ្នកជំងឺកូវីដ ដែលដាក់ចំនួន មនុស្សច្រើន ដោយយើងមិនអាចធ្វេសប្រហែសបាននោះទេ ហើយយើងក៏មិនអនុញ្ញាត ឲ្យមានអ្នកជំងឺដេកតាមផ្លូវ ហើយខ្វះកន្លែងព្យាបាលនោះដែរ។
បើតាមសម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើសង្គ្រាមជាមួយជំងឺកូវីដ១៩ ក្នុងរយៈពេលជិតពីរឆ្នាំមកនេះ កម្ពុជាដើរមួយជំហានមុនជានិច្ច។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា នៅថ្ងៃម្សិលមិញនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩ករណី ជាការនាំចូល ហើយជាមេរោគបំប្លែងអូមីក្រុង។
គូសបញ្ជាក់ថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៩៧១នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕