(កំពង់ឆ្នាំង)៖ អាវុធ១១ដើម ត្រូវបានគេប្រទះឃើញកប់នៅក្នុងរណ្ដៅដី នៅចំណុចកោះកូនសៀម ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមក ដល់ពេលនេះអាវុធទាំងនោះ មានសភាពពុកផុយមិនអាច យកទៅប្រើប្រាស់បានឡើយ ពោលអាវុធទាំងអស់នេះ ទំនងគេកប់កាលពីសម័យសង្គ្រាមមកម្ល៉េះ។
លោក ឈួន ឈឿន មេភូមិពាមខ្នង បានរៀបរាប់ថា ការប្រទះឃើញអាវុធកប់ក្នុងដីខាងលើនេះ ដំបូងក្មេងៗមួយក្រុម បាននាំគ្នាលេងបាយឡុកបាយឡ ហើយបាននាំគ្នាយកឈើមកចាក់ឆ្កឹសដីលេង ហើយក៏បានប្រទះ ឃើញអាវុធគេកប់នៅក្នុងដី រួចក៏បានរត់ទៅប្រាប់ឪពុកម្ដាយ។
បន្ទាប់ពីឪពុកម្ដាយបានទទួលដំណឹងនេះភ្លាម ក៏បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីមកពិនិត្យមើលទីតាំងខាងលើនេះ ហើយសមត្ថកិច្ចក៏បានចងខ្សែព័ទ្ធជុំវិញទូតាំងកប់អាវុធខាងលើនេះ ដើម្បីរង់ចាំក្រុមការងារស៊ីម៉ាក់ ចុះមកធ្វើការបន្តបើតាមបច្ចេកទេស។
លោកបានបញ្ជាក់ថា នៅចំណុចនោះកាលពីឆ្នាំទៅ ប្រជាពលរដ្ឋក៏បានប្រទះឃើញរណ្ដៅកប់អាវុធម្តងរួចមកហើយ កាលណោះកម្លាំងស៉ីម៉ាក់ ក៏បានចុះមកកកាយយកបានអាវុធ M16mm ចំនួន១៣ដើម និងគ្រាប់បែក៤គ្រាប់ផងដែរ ហើយទីតាំងអាវុធដែលប្រទះឃើញលើកក្រោយនេះ គឺមានចម្ងាយពីរណ្ដៅកប់អាវុធមុន តែ១០ម៉ែត្រប៉ុណ្ណោះ។ ដូច្នេះប្រជាពលរដ្ឋបានសំណូមពរដល់កម្លាំងស៊ីម៉ាក់សូមយកឧបករណ៍មកររាវរកអាវុធជាតិផ្ទុះនៅចំណុចខាងលើនេះ ផង ខ្លាចនៅមានអាវុធជាតិផ្ទុះកប់នៅក្នុងដីទៀត ហើយថ្ងៃ និងខ្លាចណាមួយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅក្នុងភូមិជាយថាហេតុ។
លោក អ៊ុ សំអុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវទូក បានបញ្ជាក់ប្រាប់ឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ជូនលោកហើយនោះ លោកក៏បានចុះទៅពិនិត្យដល់ទីតាំង និងបានចងខ្សែព័ទ្ធជុំវិញការពារខ្លាចក្រែងគោក្របី និងប្រជាពលរដ្ឋទៅប៉ះពាល់។ ចំណែកនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ កម្លាំងស៊ីម៉ាក់ បានសហការជាមួយមន្ត្រីនគរបាល នៃអធិការរដ្ឋាននគរបាលស្រុកកំពង់លែង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្លូវទូក បានចូលរួមជីកកកាយរកឃើញអាវុធចំនួន១១ដើម ដែលបានកប់កាលពីសម័យសង្គ្រាម។ ក្នុងនោះមានអាវុធM ៦០mm ១ដើម, M៧៩mm ៦ដើម និងអាវុធM ១៦mm ចំនួន៤ដើមផងដែរ៕