(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រី បាននាំសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។

លោកស្រីបានបន្តថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ដែលបម្រើឲ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះ ក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ។

លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ព្រោះការបោះឆ្នោតនេះមានសារ:សំខាន់ណាស់ សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការ អភិវឌ្ឍន៍រីកចម្រើនថែមទៀត ។

បន្ថែមលើនេះ លោកស្រីបណ្ឌិត សុំឲ្យប្រជាជនយើង សមាជិកបក្សយើង ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល។

ស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោក លោកស្រីបណ្ឌិត ម៉ែន សំអន បានអំពាវនាវឲ្យប្រជាជនយើង បន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩ ទាំងទម្រង់ចាស់ ថ្មី និងបានជំរុញឲ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១ និងជម្រុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី៣ ឲ្យបានឆាប់រហ័ស។

លោកស្រីបានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ស្រុករំដួល រួមជាមួយសហការី និងអាជ្ញារធរខេត្តគ្រប់ លំដាប់ថ្នាក់ បានរួមគ្នាកសាងអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ រួមជាមួយនឹងការបំពាក់នូវសម្ភារៈបរិក្ខាប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាអស់ជាង៤៣ម៉ឺនដុល្លារ ដែលបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ និងត្រូវបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ មានរយៈពេល១០ខែ និង៣ថ្ងៃ។

សមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះរួមមាន៖

*អគារស្នាក់ការគណបក្ស ០១ខ្នង ទំហំ ៦៧៦ម៉ែត្រការ៉េ មានបន្ទប់ធ្វើការ០៤ បន្ទប់រង់ចាំ០១ សាលប្រជុំ០១ និងបង្គន់ អនាម័យខាងក្នុង ០៣ បន្ទប់ទឹករួម (ខាងក្រៅ) ០១ខ្នង ទំហំ ៤២,៧៥ម៉ែត្រការ៉េ រួមមាន បន្ទប់ទឹកស្ត្រី និងបុរស មានតបណ្តាញចែកចាយទឹកក្រៅអគារ ០១កំប្លេ ប្រព័ន្ធលូបង្ហូរទឹកភ្លៀងក្រៅអគារ បណ្តាញអគ្គិសនីក្រៅអគារ របងប្រវែង ២១៣ម៉ែត្រ ក្លោងទ្វារស្នាក់ការ ដងទង់ជាតិ កសាងក្លោងទ្វារសាលាស្រុក និងសម្ភារបំពាក់ នៅស្នាក់ការគណបក្ស។

*ឧបត្ថម្ភអាវយឺតគណបក្ស២.០០០អាវ និងមួកគណបក្ស ២.០០០មួក ប្រគល់ជូនគណៈកម្មាធិការបក្សស្រុក ឧបត្ថម្ភបេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធចំនួន ១៣២នាក់ មេភូមិ ៧នាក់ មណ្ឌលសុខភាព ទាំង ៤ ឧបត្ថម្ភមន្ទីរពេទ្យបង្អែកស្រុករំដួល កងកម្លាំងទាំងបីប្រភេទ កងស្ថាបនាសំណង់អាគារលេខ៧៣ ឃុំទាំង១០ សាលារៀនទាំង៤ និងគណៈកម្មាធិការបក្សស្រុករំដួល សរុប ថវិកា៤២លាន៥សែនរៀល៕