(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងយន្តការអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តធ្វើឡើងនៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាព ជាសមាជិក អន្តរក្រសួង ត្រួតពិនិត្យគីមីផ្សំគ្រឿងញៀន។

ការបើកកិច្ចប្រជុំនេះ បន្ទាប់នៅចុងឆ្នាំ២០២១ថ្មីៗនេះ កម្លាំងនគរបាលជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបំបែកសំណុំរឿងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមួយករណី ដែលក្រុមឧក្រិដ្ឋជនបម្រុងនាំចេញទៅក្រៅប្រទេស បានដោយជោគជ័យ និងឈានទៅដល់ការរឹបអូសគ្រឿងញៀនប្រភេទ កេតាមីន (ម្ស៉ៅខេ) សរុបជាបន្ដបន្ទាប់ជាង២តោន នៅក្រុមហ៊ុន ស៊ីន យិនហ្វេង (ខេមបូឌា) អ៊ិនដាស់ស្រ្ទី ខូអិលឌីធី មានទីតាំងស្ថិតនៅ ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយដកហូតបាន សារធាតុគីមីផ្សំ ៩ប្រភេទ ទម្ងន់៨៤តោន ៤៥៤គ.ក្រ ១៦៥ក្រាម និងម៉ាស៊ីន ឧបករណ៍ សម្រាប់ផលិតកែច្នៃ មួយចំនួនធំ និងឃាត់ខ្លួនឧក្រិដ្ឋជនម្នាក់ ឈ្មោះ YE YONG។ នេះការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមិនធ្លាប់មាននៅកម្ពុជា។

ក្រៅពីការ បង្ក្រាបបទល្មើសគ្រឿងញៀនរាប់តោន នៅខេត្តកំពង់ស្ពឺនេះដែរ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ សមត្ថកិច្ចជំនាញក៏បានបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀន សរុបចំនួន ១៨១គីឡូ និង ៣៧០ក្រាម។

ដោយឡែកសម្រាប់កិច្ចប្រជុំនៅព្រឹកនេះនឹងដំណេីរការតាមរបៀបវារៈចំនួន៦ រួមមាន៖

ទី១៖ មតិដឹកនាំកិច្ចប្រជុំដោយនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ទី២៖ របាយការណ៍សង្ខេបស្ដីពីករណីបង្ក្រាបទីតាំងផលិតគ្រឿងញៀនករណី C-2 1221 នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ និងករណី A-10 1222 នៅភូមិរោងគោ ឃុំសំរោង ស្រុកសំរោង ខេត្តកំពង់ស្ពឺ។

ទី៣៖ របាយការណ៍ស្ដីពីលទ្ធផលការត្រួតពិនិត្យសារធាតុគីមីផ្សំ នៅក្នុងដែនសមត្ថកិច្ចក្រសួងសុខាភិបាល។

ទី៤៖ របាយការណ៍ស្ដីពីលទ្ធផលត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ចក្រសួងឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងនវានុវត្តន៍ និងករណីនាំចូលសារធាតុគីមីផ្សំរបស់ក្រុមហ៊ុនសុិន ចេនហ៊ុយ និងក្រុមហ៊ុន សុិន យិនហ្វេង។

ទី៥៖ ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងការកែសម្រួលសេចក្ដីសម្រេចលេខ ២៨.សសរ. ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០០ ស្ដីពីការបង្កើតក្រុមការងារអន្តរក្រសួង សារធាតុគីមីផ្សំ

និងទី៦៖ មតិបូកសរុប និងណែនាំរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន៕