(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងវឹកវរនៅចុងសប្តាហ៍នេះ នឹងមិនជជែកអ្វីលើសពីគោលការណ៍៥ចំណុចរបស់អាស៊ាន ដែលបានដាក់ចេញក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្រាប់សម្របសម្រួលដោះស្រាយ ជម្លោះ និងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ។
ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំធ្លាប់និយាយហើយថា សូមកុំទុកចិត្តពេកលើប្រធានអាស៊ាន តែកុំអាល់បន្ទោសប្រធានអាស៊ានអី រង់ចាំមើល ខ្ញុំទៅហ្នឹងអត់មានឃ្លាតឆ្ងាយពីកុងសង់ស៊ីស៥ចំណុច ដែលបានឯកភាពគ្នានៅឯហ្សាកាតា កាលពីខែមេសា ឆ្នាំ២០២១ ប៉ុន្តែខ្ញុំមិនដាក់លក្ខខណ្ឌទុកជាមុន ក្នុងដំណើររបស់ខ្ញុំទៅទេ ខ្ញុំទៅដល់ទើបខ្ញុំជជែក ហើយប្រធានបទគឺកុងសង់ស៊ីស៥ចំណុចហ្នឹងឯង»។
តាមរយៈជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាស៊ានបានដាក់ចេញនូវគោលការណ៍ចំនួន ៥ចំណុច ដែលក្នុងនោះមាន៣ចំណុច ត្រូវបានផ្តួចផ្តើមដោយសម្តេច ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គោលការណ៍ទាំងនេះរួមមាន៖
ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
ក្នុងពិធីដដែលនេះ សម្តេចតេជោ បានចោទជាសំណួរទៅកាន់ពលរដ្ឋមីយ៉ាន់ម៉ា តើអ្នកចង់ឱ្យប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលពិតប្រាកដ ឬចង់ដោះស្រាយ? សម្តេចបានពន្យល់ថា ការដោះស្រាយនេះគឺតួនាទី ត្រូវបានផ្តល់មកឱ្យបណ្តាប្រទេសអាស៊ាន រាប់ទាំងមីយ៉ាន់ម៉ាខ្លួនឯងផង បានឯកភាព និងព្រមព្រៀងលើកុងសង់ស៊ី៥ចំណុច។ សម្តេចលើកឡើងថា ប្រទេសនានានៅក្រៅតំបន់ ក៏មានការព្រមព្រៀងក្នុងការផ្តល់តួនាទីនេះសម្រាប់អាស៊ានដែរ រាប់ទាំងការផ្តល់ជំនួយមនុស្សធម៌ថែមទៀត។
សម្តេចតេជោ បានបញ្ជាក់ថា៖ «ការដែលខ្ញុំទៅនេះ គោលបំណង់ខ្ញុំគ្មានផលប្រយោជន៍អ្វីទេ ប្រទេសកម្ពុជាតូចជាងប្រទេសមីយ៉ាន់ម៉ាច្រើនដង ហើយប្រជាជនតិចជាងមីយ៉ាន់ម៉ាច្រើនដង តែយើងចង់ជួយសម្រួលសភាពការណ៍ទាំងឡាយ»។
សម្តេចលើកឡើងបន្ថែមថា ប្រសិនបើការចរចាត្រូវអូសអន្លាយរយៈពេលយូរ សម្តេចអាចនឹងបន្តនៅមីយ៉ាន់ម៉ា រហូតដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ តែម្តង។ សម្តេចបានដឹងថា ចំពោះបញ្ហាមីយ៉ាន់ម៉ានេះ ក៏មានអ្នកចង់ដុតកម្លោចឱ្យផ្ទុះសង្គ្រាមស៊ីវិលផងដែរ។ សម្តេចបានលើកឡើងអំពីការដុតរូបរបស់សម្តេចដោយពលរដ្ឋមីយ៉ាន់ម៉ាមួយក្រុម ដើម្បីរារាំងដំណើរទស្សនកិច្ចមិនឱ្យទៅកាន់មីយ៉ាន់ម៉ា។
សម្តេចបញ្ជាក់ថា «ប៉ុន្មាននាក់ទៅតំណាងឱ្យប្រជាជនមីយ៉ាន់ម៉ាននោះ ខ្ញុំក៏យល់ ប៉ុន្តែប្រសិនបើមានសន្តិភាព និងការវិលត្រឡប់ទៅរកដំណើរការប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា អ្នកនឹងទទួលបានផលប្រយោជន៍ពីការខិតខំរបស់បណ្តារដ្ឋ ជាសមាជិកអាស៊ានជួយសម្រួល ប៉ុន្តែអ្វីៗវាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មីយ៉ាន់ម៉ា ឯយើងពីខាងក្រៅគ្រាន់តែជួយសម្រួលតែប៉ុណ្ណោះ»។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានករណីផ្ទុះគ្រាប់បែក២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ដោយ១គ្រាប់មានចម្ងាយប្រមាណ១០០ម៉ែត្រ និង១គ្រាប់ទៀតមានចម្ងាយប្រមាណ១៥០ម៉ែត្រ ប៉ុន្តែគ្រាប់បែកទាំងនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។
ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានសន្និដ្ឋានថា គ្រាប់បែកដែលបានបំផ្ទុះនៅក្បែរស្ថានទូតកម្ពុជា គឺត្រូវបានដាក់ដោយក្រុមឧទ្ទាមនៅក្នុងព្រៃរបស់មីយ៉ាន់ម៉ា ដោយ១គ្រាប់បានដាក់នៅក្នុងស្ថានទូតខ្មែរប្រចាំនៅប្រទេសមីយ៉ាន់ម៉ាតែម្តង ប៉ុន្តែត្រូវបានរកឃើញ ហើយ២គ្រាប់ទៀត ត្រូវបានបំផ្ទុះនៅក្បែរស្ថានទូតកម្ពុជា។ សម្តេចបានចាត់ទុកថា៖ «សភាពការណ៍នៅមីយ៉ាន់ម៉ាវាមិនសាមញ្ញ ដូច្នេះយើងក៏ត្រូវប្រើវិធានការមិនសាមញ្ញដែរ»។
កាលពីខែសីហា ឆ្នាំ២០២១ អាស៊ានបានតែងតាំងប្រេសិតពិសេសដើម្បីសម្រួបសម្រួលជាមួយមីយ៉ាន់ម៉ា នោះគឺលោក Erywan Yusof ដែលជារដ្ឋមន្ត្រីការបរទេសទី២ របស់ប្រទេសប្រ៊ុយណេ។ ប៉ុន្តែរបបយោធាមីយ៉ាន់ម៉ា បានសម្តែងមិនពេញចិត្តជាមួយនឹងអ្នកការទូតនេះក្រោយស្នើសុំជួបមេដឹកនាំក្រុមប្រឆាំង លោកស្រី អោង សាន ស៊ូជី ដែលធ្វើឱ្យមីយ៉ាន់ម៉ាមិនទាន់អាចអនុវត្តតាមគោលការណ៍៥ចំណុចនៅឡើយ។ រហូតមកដល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ា បាន និងកំពុងធ្លាក់ចូលក្នុងភាពចលាចលដ៏ហិង្សា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដើមឆ្នាំ២០២១។ បើតាមអង្គការសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា មនុស្សច្រើនជាង ១,៣០០នាក់បានស្លាប់ នៅក្នុងការបង្រ្កាបរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។
សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីសម្តេចបានទៅកាន់មីយ៉ាន់ម៉ាហើយ នឹងមានបេសកជនរបស់កម្ពុជា ដោយសម្តេចសំដៅទៅលើ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលត្រូវបានតែងតាំងជាប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នឹងទៅបន្តសម្របសម្រួលជាមួយមីយ៉ាន់ម៉ាថែមទៀត៕