(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ មករា ឆ្នាំ២០២២នេះ បានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ដាក់បញ្ចូលកីឡាតេក្វាន់ដូ ITF របស់កូរ៉េខាងជើង និងងកីឡា WTF របស់កូរ៉េខាងត្បូង ក្នុងការប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ អាចចូលរួមប្រកួតជាមួយគ្នា ដើម្បីជាការលើកទឹកចិត្តដល់ការបង្រួបបង្រួមឧបទ្វីបកូរ៉េ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើយ៉ាងដូច្នេះថា៖ «ហើយមានកីឡាមួយទៀត ដែលមិនទាន់បានចុះក្នុងការប្រកួតកីឡាអូឡាំពិក ហើយក៏មិនដឹងថាតើស៊ីហ្គេម ឆ្នាំ២០២៣របស់យើង បានបញ្ចូល ឬក៏អត់ គឺកីឡាតេក្វាន់ដូ ITF របស់កូរ៉េខាងជើង...! បើដាក់កូរ៉េខាងត្បូង ហើយគួរដាក់កូរ៉េខាងជើង ចូលទៅ បើខ្ញុំសូមអង្វរកគណៈកម្មាធិការអូឡាំពិកបាន ដើម្បីជៀសវាង បើចង់បង្រួបបង្រួមកូរ៉េ លើកទឹកចិត្តទៅដល់កូរ៉េ ដើម្បីធ្វើការសម្រុះសម្រួលជាតិ គួរណាស់តែគណៈកម្មាធិការអូរឡាំពិកអន្តរជាតិ ដាក់កីឡាទាំងពីរប្រភេទ កីឡាកូរ៉េខាងត្បូង បានចូលហើយ នៅសល់តែកីឡារបស់កូរ៉េខាងជើង អានេះជាសុំណូមពររបស់ខ្ញុំទេ...!»។
បើយើងចង់ឱ្យមានការសម្រុះសម្រួលជាតិ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង យើងគួរតែលើកទឹកចិត្ត ឱ្យកីឡាទាំងពីរប្រភេទនេះ វាទៅជាមួយគ្នា ដែលកាលពីមុននៅក្នុងការប្រកួតកីឡាអូរឡាំពិក កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានរួមគ្នាបង្កើតជាក្រុមចម្រុះចូលទៅប្រកួតហើយ អញ្ចឹងទេបើមកដល់កម្ពុជាយកទាំងកីឡា ITF របស់កូរ៉េខាងជើង និងកីឡា WTF របស់កូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃការខិតខំដើម្បីឱ្យកូរ៉េទាំងពីរឈានឆ្ពោះទៅរកការបង្រួបបង្រួមជាតិ»។
នាឱកាសនោះដែរ សម្ដេចតេជោ បានគូសបញ្ជាក់ថា គិតថាសម្រាប់ផ្នែកអ្នកនយោបាយដូចជាប្រធានាធិបតីកូរ៉េខាងត្បូង មុននឹងដាច់អាណិត គឺខិតខំដើម្បីឱ្យមានកិច្ចព្រមព្រៀងសម្របសម្រួលជាមួយកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ដូច្នេះ ប្រសិនបើជាដំណើរការឈានទៅរកការសម្រុះសម្រួលគ្នានេះ វាគួរតែយើងដែលជាអ្នកក្រៅ ដែលចង់ឃើញឧបទ្វីបកូរ៉េ មានសុខសន្តិភាព គួរគាំទ្រឱ្យមានកីឡារបស់កូរ៉េខាងជើង មាននៅក្នុងគណៈកម្មការអូឡាំពិកអន្តរជាតិ។
បើតាមនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានលើកឡើងថា កីឡាតេក្វាន់ដូ កូរ៉េខាងជើង ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក កែវ រ៉េមី ជាប្រភេទកីឡាមួយដ៏ខ្លាំង ដែលធ្លាប់ទទួលបានមេដាយមាសច្រើនផងដែរ។ ចំពោះគោលបំណងដាក់បញ្ចូលកីឡាតេក្វាន់ដូកូរ៉េខាងជើង នៅក្នុងការប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ លុះត្រាតែមានការគាំទ្រពីប្រទេសដទៃទៀតដែរ។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការរៀបចំដាក់តេក្វាន់ដូកូរ៉េខាងជើង ចូលស៊ីហ្គេម មានការគាំទ្រពីប្រទេសចំនួន៤ ដូច្នេះប្រភេទកីឡានេះ អាចដាក់ចូលការប្រកួតបានហើយ។
បន្ថែមពីនេះ សម្តេតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងមិនលើកពេលនោះទេ ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក្តី។ មូលហេតុដែលកម្ពុជា មិនលើកពេលនេះ ដោយសារនៅឆ្នាំ២០២៣ នឹងមានព្រឹត្តិការណ៍ជាច្រើនកើតឡើងនៅកម្ពុជា ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជាដើម។
គួរជម្រាបថា កាលពីអំឡុងខែសីហា ឆ្នាំ២០២១ កន្លែងទៅ កីឡាករកម្ពុជា ដណ្ដើមបានមេដាយ៥ វិញ្ញាសា ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកពិភពលោក លើកទី១៤ សម្រាប់យុវជនថ្នាល និងលើកទី២១ សម្រាប់ក្រុមជម្រើសជាតិ នៅប្រទេស ប៊ុលហ្គារី។
សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាដណ្តើមបានពីព្រឹត្តិការណ៍ ជើងឯកពិភពលោកនេះ រួមមាន៖ មេដាយមាស១គ្រឿង ដោយកីឡាករ ប៉ាល់ ជីវ័ន លើវិញ្ញាសាសម្ដែងមេគុនឯកត្តជន កម្រិត៥ដាន់ និងមេដាយប្រាក់២ វិញ្ញាសា ដណ្ដើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជនទម្ងន់ ៤៥គីឡូក្រាម ដោយកីឡាករ បួនចាន់ ថារ៉ាត់ និងវិញ្ញាសា សម្ដែងពិសេស៦នាក់។ រីឯមេដាយសំរឹទ្ធិ ដណ្ដើមបាន២វិញ្ញាសាលើ វិញ្ញាសាសម្ដែង បុរសជា ក្រុម ៤នាក់ និងវិញ្ញាសាបំបែកក្ដារអាយុ៤០ ដល់៤៩ឆ្នាំ ឯកត្តជន៕