(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានចាត់ទុកថា ការណ៍ដែលកម្ពុជា ទទួលបានមេដាយមាសកីឡាប៉េតង់ ឬប៊ួល ចំនួន ៥សម័យកាលជាប់គ្នានេះ គឺជាការបំបែកឯតទគ្គកម្មពិភពលោក។
ក្នុងឱកាសប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់នៅអេស្ប៉ាញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចេញទៅប្រកួតកីឡានានាលក្ខណៈអន្តរជាតិ គឺជាការតំណាងឲ្យជាតិ និងប្រជាជនទាំងមូលតែម្តង ហើយការឈ្នះមេដាយ ក៏តំណាងឲ្យជាតិ និងប្រជាជនទាំងមូលដូចគ្នា។ អាស្រ័យហេតុនេះហើយ ដែលសម្តេចតែងតែទូន្មាន និងអប់រំ ដល់កីឡាករ កីឡាការិនី ពេលចេញប្រកួតត្រូវរក្សាភាពថ្លៃថ្នូរ និងគោរពលក្ខខន្តិកៈការប្រកួត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អម្បាញ់មិញលោក ហង់ជួន ណារ៉ុន [រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា) បានធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការទទួលបានថ្មីៗថែមទៀត នូវមេដាយមាស សម្រាប់កីឡាប៊ួល ដែលអាចចាត់ទុកថា ជាការបំបែកនូវឯតទគ្គកម្មមសម្រាប់ពិភពលោក ដោយសារតែយើងទទួលបាននូវមេដាយមាសផ្នែកប៊ួលនេះ តជំនាន់រហូតដល់ទៅ ៥ជំនាន់។ ក្នុងនោះ វីរកីឡាការិនី កែ ឡេង ៤ជំនាន់ និងកីឡាការិនី អ៊ុក ស្រីមុំ ១ជំនាន់»។
សម្តេចបន្តថា «[មេដាយដែលទទួលបានពី] កីឡា គឺតំណាងឲ្យជាតិ និងប្រជាជន មិនមែនសម្រាប់កីឡាការិនី អ៊ុក ស្រីមុំ តែម្នាក់ទេ ក៏ប៉ុន្តែថ្ងៃនេះយើងទទួលបាន ក្នុងឋានៈជាប្រទេស ជាប្រជាជនកម្ពុជា។ ការកំណត់ដើម្បីទទួលមេដាយមាស ដោយការទទួលដោយយកម៉ូតូទៅអម កម្រិតថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល មិនមែនជាការអមកីឡាការិនី អ៊ុក ស្រីមុំ។ បើសិនកីឡាការិនី អ៊ុក ស្រីមុំ មិនមានមេដាយមាសជាប់នឹងខ្លួនទេ គឺមិនមានលទ្ធភាពឲ្យមានម៉ូតូអមដង្ហែរនោះដែរ»។
ក្នុងឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ និងគ្រូបង្វឹក ចំពោះការដណ្តើមមេដាយមាសពិភពលោកកីឡាប៉េតង់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ថា សម្តេចសឹងតែមិនជឿ និងហាក់បីដូចជារឿងចម្លែក លើកីឡាប៉េតង់នេះ ខណៈប្រទេសជាអ្នកបង្កើតកីឡា គឺបារាំង បែរជាចាញ់បណ្តាប្រទេសនៅអាស៉ី។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាទទួលបានមេដាយលើកីឡាប៉េតង់សរុប ៣៧០ ក្នុងនោះមេដាយមាស១០៨ ប្រាក់១៣១ និងសំរឹទ្ធ ១៣១។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកអរគុណដល់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងជំរុញកសាងកីឡានេះឡើង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកីឡាកម្ពុជា កំពុងដើរតាមលំអាននៃព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ ដោយព្រះអង្គយកទឹកព្រះទ័យខ្ពស់លើវិស័យកីឡា រហូតឈានទៅសាងសង់ពហុកីឡដ្ឋានអូឡាំពិក៕