(បន្ទាយមានជ័យ)៖ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអំពាវនាវមាតាបិតារួសរាន់ នាំកូនចៅចាប់ពីអាយុ៦ឆ្នាំឡើង មកចុះឈ្មោះចូលរៀនសម្រាប់ ឆ្នាំសិក្សា២០២១-២០២២។
លោក ឈូ ប៊ុនរឿង បានឲ្យដឹងថា ការបើកដំណើរការសិក្សាឆ្នាំថ្មី២០២១-២០២២នេះ សិស្សទាំងអស់ពេលដែលចូលរៀនពេញលេញ ត្រូវចេះគោរពតាមបទបញ្ជារបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស់គ្រប់ៗគ្នា ព្រោះប្រទេសយើងស្ថិតក្នុងហានិភ័យការឆ្លងជំងឺកូវីដ១៩ នៅឡើយ ពិសេសជំងឺប្រភេទេថ្មី អូមេក្រុង ដែលមានការចម្លងលឿនជាងមុខប្រភេទដែលតា។
លោកក៏បានណែនាំទៅកាន់លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព សុខភាពសិស្ស សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ គណៈគ្រប់គ្រងសាលា ត្រូវវាយតម្លៃហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងស្នើសុំយោបល់ពីប្រធានមន្ទីរអប់រំខេត្តផងដែរ។ លោកបានបន្តទៀតថា លោកក្នុងនាមជាប្រធានមន្ទីរមន្ទីរអប់រំខេត្ត មានសិទ្ធិក្នុងការសម្រេចចាត់វិធានការឆ្លើយតបទាន់ពេលវេលា និង ត្រូវរាយការណ៍ជាប្រចាំតាមឋានានុក្រមមកមន្ទីរអប់រំ។
លោកបានបន្ថែមថា សម្រាប់ការបើកដំណើរការចុះឈ្មោះសិស្សចូលរៀននៅពេលនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានសម្ដែងទឹកចិត្តសប្បាយរីករាយ ហើយបានចូលរួមបោសសំអាតនៅតាមថ្នាក់រៀន យ៉ាងសស្រាក់សស្រាំ ដើម្បីអបអរសាទរថ្ងៃផ្ដើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្ស ដែលទើបនឹងដល់អាយុចូលសាលារៀន និងជាថ្ងៃដែលសិស្សានុសិស្ស បន្តចូលរៀនសូត្រគ្រប់កម្រិតនៅទូទាំងខេត្តផងដែរ។
ជាមួយគ្នានេះ លោក ឈូ ប៊ុនរឿង បានកោតសរសើរលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ មាតា បិតា អាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានសម្រាប់ជួយជ្រោមជ្រែងលើគ្រប់សកម្មភាព ក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំ ក្នុងខេត្តបន្ទាយមានជ័យ ឲ្យទទួលបានជោគជ័យក្នុងរយៈពេលកន្លងមក។
បន្ថែមពីនេះទៀត លោកបានផ្ដាំផ្ញើផងដែរដល់មាតា បិតា អាណាព្យាបាលសិស្សទាំងអស់ ត្រូវនាំគ្នាបញ្ជូនកូនចៅទៅ ចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា និងត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនចៅឲ្យបានជាប្រចាំ សូមបង្កើត បរិយាកាសល្អ ក្នុងក្រុមគ្រួសារក៏ដូចជា ការផ្ដល់ដំបូន្មានដល់កូនចៅទាំងផ្នែកសុខភាព ផ្នែកចំណេះដឹង និងសីលធម៌ ដើម្បីជួយឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យព្រមទាំង ទទួលបានសម្បទាន សម្រាប់ការចាប់យកវិជ្ជា និងចរិយាឈានទៅកសាងអនាគតដ៏រុងរឿងសាកសមជាកុលបុត្រខ្មែរ និងជាសសរទ្រូង នៃប្រទេសជាតិយើងផងដែរ៕