(ព្រះសីហនុ)៖ រយៈ​ពេល២ថ្ងៃនេះ ទី២៣-២៤ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខេត្តព្រះសីហនុក្រោមការដឹកនាំផ្ទាល់ពី​​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទបានបើកយុទ្ធនាការដឹកជញ្ជូនទឹកជូនប្រជាពលរដ្ឋបានជាង៨០០គ្រួសារ នៅឃុំចំនួន៣ របស់ស្រុកព្រៃនប់ ក្រោយពេលដែលប្រជាពលរដ្ឋនៅតំបន់នោះ ត្រូវបានរាយការណ៍ថា ដាច់ទឹកប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «តាមអនុសាសន៍របស់សម្ដេចក្រឡាហោម និងបទបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាដល់គ្រប់កងកម្លាំងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តឲ្យយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះទឹកហូប និងប្រើប្រាស់ហើយត្រូវត្រៀមកម្លាំង និងសម្ភារមធ្យោបាយចុះជួយពួកគាត់ជាបន្ទាន់នោះ យើងបានបើកយុទ្ធនាការនេះភ្លាមៗនៅ២ថ្ងៃនេះ»

បើតាមលោកស្នងការ ការដឹកទឹកយកទៅជូនប្រជាពលរដ្ឋ បានធ្វើឡើងចំនួន៣ឃុំ រួមមាន ឃុំសំរ៉ុង ឃំុជេីងគោ ឃំុអូរជ្រៅ របស់ស្រុកព្រៃនប់ ដែលតំបន់នោះ ទឹកស្ទឹង ទឹកបឹង និងទឹកអណ្តួងនានា បានរីងស្ងួតជាបន្តបន្ទាប់។

លោក ជួន ណារិន្ទ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅភូមិសំរ៉ុងលេី ឃំុសំរ៉ុង ស្រុកព្រៃនប់​ យើងនាំយកទឹកទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រេីប្រាស់​ចំនួន២២៣គ្រួសារ អស់ទឹកចំនួន​៤ឡានធំ ទឹកសុទ្ធ៤៧២យួរ​​ អស់ថវិកាចំនួន១.៥៦០.០០០រៀល។

ដោយឡែកនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ ពេលព្រឹកយើងបាន ទៅចែកជូនប្រជាពលរដ្ឋនៅភូមិតាពៅ ឃំុជេីងគោ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុចំនួន២៥៤គ្រួសារ​ ដោយចែកជូនទឹកអស់៣ឡានធំ និងទឹកសុទ្ធចំនួន៥២០យួរ ព្រមទាំងយកនំប័ុងចំនួន៣០០ដេីម ចែកជូនដល់ក្មេងៗផងដែរ ។ សរុបអស់ថវិកាចំនួន ២.០៥៦.០០០រៀល។

ពេលរសៀលយើងបានទៅចែកជូនប្រជាពលរដ្ឋនៅឃំុអូរជ្រៅ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុចំនួន៣៥០គ្រួសារ ដោយបែងចែកទឹកអស់ចំនួន ១១ឡាន (រថយន្តពន្លត់អគ្គីភ័យ១ឡាន និងរថយន្តដឹកទឹកលក់១០ឡាន) ព្រមទាំងយកនំប័ុងចំនួន​១៥០ដេីម​​ ចែកជូនក្មេងៗផងដែរ សរុបអស់ថវិកាចំនួន៦០៩.០០០រៀល។

សរុបទាំង៣ឃំុ របស់ស្រុកព្រៃនប់ ស្មេីនឹង៨២៧គ្រួសារ ចំណាយថវិកា សរុបទាំងអស់ចំនួន៤.២២៥.០០០រៀល៕