(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានសម្រេចផ្តល់គ្រឿងឥស្សរិយយសជូនក្រុមអ្នកជំនាញឯកទេសចិន ដែលចប់អាណត្តិបេសកកម្ម នៅវិទ្យាស្ថានកងទ័ពជើងគោក។
ពិធីបំពាក់គ្រឿងឥស្សរិយយស បានធ្វើឡើងតាមរយៈនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរសាទរ និងអរគុណ ចំពោះក្រុមអ្នកជំនាញឯកទេសចិន ដែលបានរួមចំណែកធំធេងក្នុងការបង្កើត ឡើងនូវសមិទ្ធផលនានា នៅវិទ្យាស្ថានទ័ពជើងគោក ជាពិសេសការបណ្តុះបណ្តាលធនធាន មនុ ស្ស ក្នុងកងយោធពលខេមរភូមិន្ទសម្រាប់បន្តវេន។
ជាមួយនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ ថវិកា ដល់កម្ពុជាដោយបានចាត់ទុកការជួយ ឧបត្ថម្ភនេះ ជាការបង្ហាញពីកិច្ចសហការជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នា។
លោកវរសេនីយ៍ឯក ជូ សួយហ្វី ប្រធានស្តីទីការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ក្រុមជំនាញ អ្នកឯកទេសចិន ហើយបានបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន បានប្រកាន់ភ្ជាប់ជានិច្ចនូវគោលនយោបាយមិត្តភាព ចិន-កម្ពុជា និងបន្តផ្តល់ជំនួយដល់កម្ពុជានាពេលអនាគត៕