(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទាមទារឱ្យសហរដ្ឋអាមេរិក ចេញមុខបញ្ជាក់ឱ្យបានច្បាស់ថែមទៀត ជុំវិញការបង្កាច់បង្ខូចដល់ គុណភាពឧត្តមសិក្សាក្នុងប្រទេសមហាអំណាចមួយនេះថាមាន «សញ្ញាបត្រកម្រិត២» ឬ «ក្រោមស្តង់ដារ» បណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសដល់និស្សិតខ្មែរដែលបានរៀននៅប្រទេសនេះ។
ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ដែលទាមទារឱ្យអាមេរិកបញ្ជាក់ការពិតថែមទៀតនេះ បានធ្វើឡើងក្រោយពេល លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ កាលពីពេលថ្មីៗនេះ បានបើកយុទ្ធនាការវាយប្រហារលើសញ្ញាបត្ររបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាបណ្ឌិត្យយោធាអាមេរិក West Point ថាជាសញ្ញាបត្រកម្រិត២ ឬក្រោមកម្រិតស្តង់ដារ។
ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «មានតែអាមេរិកទេដែលអាចឆ្លើយបាន តើសុខចិត្តឱ្យខូចកិត្តិយសសាលា West Point ទេ? ខ្ញុំផ្តាំទៅអគ្គរដ្ឋទូតអាមេរិក តែយ៉ាងណាក៏គាត់មើលដែរ តើសុខចិត្តឱ្យសាលា West Point ខូចកិត្តិយសដោយសារសម្តីរបស់មនុស្សម្នាក់ តើអាមេរិកអាចនិយាយបានទេ លើបញ្ហាហ្នឹង ដែលថាសាលា West Point មានសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រកិត្តិយស»។
ការវាយប្រហាររបស់លោក សម រង្ស៉ី ទៅលើប្រជាប្រិយភាព និងសញ្ញាបត្ររបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកើតឡើងជាថ្មី ស្របពេលដែលលោក ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆ័ន្ទក្នុងការជ្រើសតាំងជា បេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត។ កាលពីឆ្នាំ២០១៩ លោក សម រង្ស៉ី បានវាយប្រហារដល់សញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពី សាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក ម្តងរួចទៅហើយ ដោយអះអាងថា ជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត។ ដោយឡែកលើកនេះ លោកបានព្យាយាមវាយប្រហារនូវសញ្ញាបត្រទាំងអស់របស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីក្រៅប្រទេស។
ថ្លែងក្នុងពិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើអាមេរិកការពារជនខិលខូច ឬការពារសញ្ញាបត្ររបស់ខ្លួន ហើយការចេញមកបញ្ជាក់ឱ្យច្បាស់នេះមិនមែនមានន័យថាជាការការពារលោក ហ៊ុន ម៉ាណែត នោះទេ? សាកលវិទ្យាល័យញូយ៉ក (NYU) តើមានតើមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជាប្រភេទកិត្តិយសដែរឬទេ? សាកលវិទ្យាល័យ គ្រីស្ទោលរបស់អង់គ្លេស តើមានសញ្ញាបត្របណ្ឌិតប្រភេទ២ ឬបណ្ឌិតកិត្តិយសឬទេ?
លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ក្រៅពីនោះលោកមានតួនាទី និងដឹកនាំសកម្មភាពជាច្រើនទៀត ក្នុងកិច្ចការរដ្ឋ និងសង្គម។ សម្រាប់តំណែងក្នុងបក្ស លោកក៏ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលផងដែរ។ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាផ្នែកយោធា នៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ។
«អញ្ចឹងទេ គឺមានតែសហរដ្ឋអាមេរិក និងអង់គ្លេស ការពារស្ថាប័នអប់រំរបស់ខ្លួន គឺមានតែចេញមកបញ្ជាក់តែប៉ុណ្ណឹង ហើយប្រសិនបើថា ធ្វើអញ្ចឹងទៅហាក់ដូចជាវាយប្រហារខាងនយោបាយចំពោះអ្នកដែលបាននិយាយ អើ ! អាហ្នឹងក៏ទុកអញ្ចឹងទៅ យើងក៏សម្គាល់មើលអាហ្នឹងដែរថា គេការពារស្ថាប័នអប់រំរបស់គេ ឬការពារមនុស្សខិលខូច»។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ភ្លាមៗបន្ទាប់ពីមានការវាយប្រហាររបស់ លោក សម រង្ស៉ី លើសញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលា West Point សហរដ្ឋអាមេរិក, លោកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញមុខការពារសញ្ញាបត្រប្រទេសរបស់ខ្លួនម្តងរួចទៅហើយ ដោយលើកឡើងថា ជនទាំងឡាយដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សានៅអាមេរិក នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ស្តង់ដារតែមួយ បន្ទាប់ពីពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ហើយមិនមានប្រកាន់ប្រទេសកំណើតទេ។
ការវាយប្រហារលើសញ្ញាបត្រនៅក្រៅប្រទេសនេះ ក៏ទទួលបានការប្រតិកម្មយ៉ាងខ្លាំងពីក្រុមបញ្ញវន្តខ្មែរដែលបានរៀនចប់ថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក និងក្រៅប្រទេសផងដែរ។ ក្រុមបណ្ឌិត ដែលជាអតីតនិស្សិតនៅក្រៅប្រទេស បានចេញលិខិតទាមទារឱ្យលោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ធ្វើការសុំទោសជាសាធារណៈចំពោះការប្រមាថដល់សញ្ញាបត្រក្រៅប្រទេសរបស់ លោក ហ៊ុន ម៉ាណែត៕