(ភ្នំពេញ)៖ ព័ត៌មាន ដែលនិយាយថា កញ្ញា ធី សុវណ្ណថា មានផ្ទៃពោះកំពុងរស៊ើបខ្លាំងនៅលើបណ្តាញសង្គម Facebook ។ សុវណ្ណថា បានហៅការចោទប្រកាន់នេះថា ជាការលាបពណ៌ ដើម្បីបង្ខូចកិត្តិយសរបស់កញ្ញា។
លើទំព័រ Facebook ផ្ទាល់ខ្លួននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា បានលើកហេតុផលមួយចំនួនបញ្ជាក់ថា កញ្ញា មិនបានមានផ្ទៃពោះជាមួយនរណានោះឡើយ។ សុវណ្ណថា បានថ្លែងបញ្ជាក់ដូច្នេះ «មានអ្នកខ្លះ ចោទលាបពណ៌ខ្ញុំថា ខ្ញុំមានផ្ទៃពោះ ៦ខែ ខ្ញុំមិនល្ងង់ទេ ខ្ញុំដឹងពីស្ថានភាពខ្លួនឯងច្បាស់ណាស់។ បើខ្ញុំមានផ្ទៃពោះមែន ខ្ញុំមិនដាក់ពាក្យប្តឹងថ្ងៃទី១ ខែមីនា ទេ ព្រោះខ្ញុំដឹងថា ខ្ញុំនឹងត្រូវបង្ហាញខ្លួន ឡើងបំភ្លឺជាច្រើនដង។ បើខ្ញុំមានផ្ទៃពោះមែន ខ្ញុំនឹងត្រូវបង្ហាញខ្លួន បង្ហាញឈ្មោះ ដើម្បីពិនិត្យពោះ ១ខែម្តង និងត្រូវឆ្លងទន្លេ នៅមន្ទីរពេទ្យ។ តើមុខខ្ញុំ ឈ្មោះខ្ញុំអាចលាក់បាំងបានទេ?»។
កញ្ញា បន្តថា «ឆាប់ៗនេះ ខ្ញុំត្រូវឡើងតុលាការជាបន្តបន្ទាប់ ខ្ញុំត្រូវបើកសម្ភោធអង្គការរបស់ខ្ញុំ២៥ខេត្តក្រុង ២សប្តាហ៍ម្តង ខ្ញុំត្រូវដឹកនាំដំណើរទេសចរណ៍តំបន់អារ៉ែង ១ខែម្តង បងប្អូនអាចរង់ចាំសង្កេតមើលខ្ញុំ ពេលវេលានឹងបង្ហាញការពិត អ្នកដែលចោទខ្ញុំថា មានផ្ទៃពោះ អាចនឹងយល់ច្រឡំ ឬអ្នកខ្លះអាចជាជនថោកទាប ចង់លាបពណ៌បង្ខូចកិត្តិយសខ្ញុំ»។
សូមបញ្ជាក់ថា ព័ត៌មាននិយាយពីការមានផ្ទៃពោះរបស់ ធី សុវណ្ណថា បានកក្រើកឡើង បន្ទាប់ពីមានបុរសម្នាក់ ដែលគេសង្ស័យថា បន្លំខ្លួនធ្វើជាអ្នកព័ត៌មាន បានចូលទៅចោទសួរត្រង់ៗនៅក្នុងសន្និសីទ ដែលរៀបចំឡើងដោយ កញ្ញា ធី សុវណ្ណថា នៅសណ្ឋាគាសាន់វេ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ។ បុរស ដែលគេសង្ស័យថា បន្លំខ្លួនធ្វើជាអ្នកព័ត៌មាននោះ បានសួរត្រង់ៗ ទៅ សុវណ្ណថា «តើកញ្ញា មានផ្ទៃពោះឬ?»។ សំណួរនេះ បានធ្វើឲ្យ សុវណ្ណថា ខឹងច្រឡោតមួយរំពេច ហើយក៏បានព្រលះយ៉ាងចាស់មាត់ទៅវិញថា «សំណួរនេះ បើសួរនៅខាងក្រៅត្រូវគេវាយបែកមាត់! សំណួរអសិលធម៌ ម៉ែនទែន!»។
ការតាមសួរសំណួររបស់បុរសម្នាក់នេះ បានធ្វើឡើង បន្ទាប់ពីកញ្ញា ធី សុវណ្ណថា ត្រូវបានគេតាមប្រម៉ាញ់ មានទំនាក់ទំនងស្អិតល្មួតជាមួយបុរសម្នាក់ មានឈ្មោះ ផៃ សុវណ្ណរិទ្ធ។ ក្នុងសន្និសីទម្សិលមិញ លោក ផៃ សុវណ្ណរិទ្ធ ក៏បានទៅចូលរួមផងដែរ។ ពាក់ទំនាក់ទំនងស្នេហា ជាមួយលោក ផៃ សុវណ្ណរិទ្ធ នេះ កញ្ញា សុវណ្ណថា ក៏ត្រូវបានអ្នកព័ត៌មានជជីកសួរដេញដោលជាច្រើនផងដែរ។
សុវណ្ណថា មិនបានបដិសេធនូវទំនាក់ទំនងស្នេហានោះទេ ហើយកញ្ញា បានអះអាងថា បើទោះបីកញ្ញា មានទំនាក់ទំនងជាមួយ ផៃ សុវណ្ណរិទ្ធ ក៏កញ្ញា មិនខុសឆ្គងនោះដែរ ព្រោះកញ្ញា សុទ្ធតែនៅខ្លួនទំនេរ កំឡោះ ក្រមុំ មិនបានលួចសហាយស្មន់ ឬផិតក្បត់ដូចលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិនោះឡើយ។ សុវណ្ណថា បានហៅទំនាក់ទំនងរបស់កញ្ញា ជាមួយលោក ផៃ សុវណ្ណរិទ្ធ ថា ជារឿងចិត្ត និងចិត្ត ហើយផ្ទុយស្រឡះពីរឿងលោក កឹម សុខា ដែលបានប្រើល្បិចល្បួងលួងលោម បោកនារីដទៃ និងក្បត់ភរិយារបស់ខ្លួន។
បើទោះបីជាយ៉ាងណាសំណួរ របស់អ្នកព័ត៌មាន ដែលសួរត្រង់ៗទៅលើ សុវណ្ណថា ម្សិលមិញនេះ នាំឲ្យអ្នកព័ត៌មាននៅក្នុងសន្និសីទព័ត៌មាននោះថា ជាសំណួរអសីលធម៌ ហើយអាចនឹងធ្វើប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់អ្នកព័ត៌មានផងដែរ៕
https://scontent-kul1-1.xx.fbcdn.net/hphotos-xtf1/v/t1.0-9