(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២៖២០នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ ក្រុមយុវជន និស្សិត និងពលរដ្ឋមួយក្រុមតំណាងយុវជន១០០០នាក់ ដឹកនាំដោយ លោក ស្រី ចំរើន បានប្រមូលផ្តុំ និងនាំគ្នាទៅដល់រដ្ឋសភាហើយ ដើម្បីដាក់ញត្តិស្នើឱ្យ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាដាក់វិន័យលើ លោក កឹម សុខា តំណាងរាស្រ្ត និងជាអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានប្រព្រឹត្តិអំពើពេស្យាចារ ជួញដូរផ្លូវភេទ ដែលប៉ះពាល់ធ្ងន់ធ្ងរវប្បធម៌សង្គម និងកិត្តិយសរដ្ឋសភាកម្ពុជា នេះបើយោងតាមលិខិតរបស់លោក ស្រី ចំរើន។
លោក ស្រី ចំរើន បានថ្លែងឲ្យដឹងថា បន្ទាប់ពីប្រមូលផ្តុំគ្នានៅខាងមុខរដ្ឋសភាជាតិដាក់ញត្តិរួចហើយ ក្រុមរបស់លោកប្រមាណ២០នាក់ នឹងបន្តហែញត្តិទៅកាន់ស្ថានទូតអាមេរិកបន្ថែមទៀត។ ញត្តិទាមទារឲ្យរដ្ឋសភាដាក់វិន័យលើលោក កឹម សុខា ត្រូវបានសភាព្រមទទួលរួចហើយនៅម៉ោង ៣៖២៥នាទី រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៧៖១៥នាទីព្រឹកថ្ងៃទី២៤ ខែមេសានេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងភរិយា ព្រមទាំងកូនស្រី បានត្រឡប់មកដល់កម្ពុជាវិញហើយ ដោយយ៉ាងស្ងាត់ស្ងៀម បន្ទាប់ពីបានចាកចេញពីទៅកាន់ទីក្រុងបាងកក ប្រទេសថៃ កាលពីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ និងបន្តទៅកាន់ប្រទេសទី៣។
ការវិញត្រឡប់មកដល់កម្ពុជាវិញ របស់លោក កឹម សុខា បានកើតឡើងមួយថ្ងៃបន្ទាប់ពី កញ្ញា ស្រីមុំ និង ធី សុវណ្ណថា រួមគ្នាប្តឹងទាមទារសំណង ជំងឺចិត្តសរុបប្រមាណ ១លាន និង៣០ម៉ឺនដុល្លារអាមេរិក។
សូមជំរាបថា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណាថា អតីតអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ បានប្រកាសប្តឹង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍លើរូបនាង ហើយថា សំណងជាទឹកប្រាក់នេះ នាងនឹងយកទៅជួយដល់កុមារកំព្រា។ ដោយឡែក កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលពាក់ព័ន្ធនឹងរឿងស្នេហាជាមួយ លោក កឹម សុខា ក៏បានដាក់ពាក្យប្តឹង លោក កឹម សុខា និងបក្ខពួកផងដែរ ដោយទាមទារសំណង៣០ម៉ឺនដុល្លារ ជុំវិញការធ្វើឲ្យរូបនាង ខាតបង់ពេលវេលា បាត់ការងារខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយសកន្លងមកនេះ៕