(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប បានរៀបចំកម្មពីធីយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ «ទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ» ក្រោយពិធីចូលឆ្នាំសកល ឆ្នាំ២០២២ ត្រូវបានបញ្ចប់។
ថ្លែងក្នុងពិធីដែលរៀបចំនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅបរិវេណសួនច្បារព្រះរាជដំណាក់ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ធ្វើឲ្យក្រុងសៀមរាប ក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ រុក្ខជាតិខៀវខ្ចី ផ្កាចម្រុះពណ៌ និងបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថាន ដល់សាធារណជនក្នុងគោលបំណងបង្កើនបរិស្ថានស្អាត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ ។
លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន ត្រូវធ្វើការផ្សព្វផ្សាយទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធដៃគូរអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឲ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។ ការផ្លាស់ប្តូរឥរិយាបទ និងអាកប្បកិរិយាមនុស្សក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត ព្រោះការបំពុលដោយប្លាស្ទិក ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនោះ កំពុងគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីផងដែរ ។
សូមបញ្ជាក់ផងដែរ យុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមធ្វើអនាម័យ និងបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈ ដោយទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាព៕