(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្រេចបង្កើតលេខាធិការដ្ឋាននៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (អាយឆា-កម្ពុជា) ត្រៀមលក្ខណៈសម្រាប់កម្ពុជាធ្វើជាប្រធានអាយឆា ក្នុងឆ្នាំ២០២២នេះ។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លេខាធិការដ្ឋាននៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (អាយឆា-កម្ពុជា) នេះមានលោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាប្រធាន អមដោយអនុប្រធាន និងសមាជិកសរុប១៥រូប ដោយបែងចែកជា២ផ្នែក គឺទី១៖ ផ្នែកកិច្ចការទូទៅ ហិរញ្ញវត្ថុ និងពិធីការ សម្រាប់ទី២៖ គឺផ្នែកការងារខ្លឹមសារ។

លេខាធិការដ្ឋាននៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (អាយឆា-កម្ពុជា) មានភារកិច្ចសម្របសម្រួល រៀបចំ ចាត់ចែង លើការងារខ្លឹមសារ កិច្ចការទូទៅ រដ្ឋបាល ហិរញ្ញវត្ថុ និងពិធីការ សម្រាប់តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស សំដៅធានាឱ្យដំណើរការការងាររបស់គណៈកម្មការកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធិភាព។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើជាតំណាងកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថាអាយឆា សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៤ ហើយនៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាយឆា ដែលអាចមានបញ្ហារសើបខាងនយោបាយជាច្រើននឹងត្រូវលើកឡើងយកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំ។

ដោយក្នុងនោះរាជរដ្ឋាភិបាលយល់ព្រម ប្រគល់តួនាទីឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបន្ទុកលើកិច្ចការអាយឆាដែលជាយន្តការសិទ្ធិមនុស្សថ្នាក់តំបន់អាស៊ាន ដើម្បីគ្រប់គ្រងឱ្យមានសង្គតភាពនៃដំណើរការការងារសិទ្ធិមនុស្សទាំងថ្នាក់ជាតិថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

បន្ថែមពីនេះ បានអនុញ្ញាតឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំគម្រោងស្នើសុំថវិកាប៉ាន់ស្មាន សម្រាប់ចាត់ចែង និងដឹកនាំកិច្ចប្រជុំចំនួន៦នៅពេលអាយឆាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ២០២២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានយល់ព្រមរួចហើយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១កន្លងមក។

គួរបញ្ជាក់ថា គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights-AICHR) គឺជាយន្តការថ្នាក់តំបន់អាស៊ានសំដៅលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដើម្បីឱ្យប្រជាជនគ្រប់រូបនៃប្រជាជាតិអាស៊ានរស់នៅក្នុងសន្តិភាព កិត្យានុភាព និងភាពសុខដុម៕