(ភ្នំពេញ)៖ និស្សិតមកពីសាកលវិទ្យាល័យចំនួន៩ នៅថ្ងៃ២៤ ខែមេសា ឆ្នាំ២០១៦នេះ បានចូលរួមវេទិកាប្រកួតប្រជែងផ្នែកតស៊ូតមតិ និងវោហាស័ព្ទសាធារណៈ ដែលរៀបចំដោយសភាយុវពាណិជ្ជករអន្ដរជាតិ កម្ពុជា (JCI Cambodian) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ប្រធានសភាយុវពាណិជ្ជករអន្ដរជាតិ កម្ពុជាលោក ប៉ិច បូឡែន បានថ្លែងថា កម្មវិធីប្រកួតប្រជែងនេះ បានរៀបចំឡើងដើម្បីជ្រើសរើសបេក្ខជនតំណាងកម្ពុជា ទៅចូលរួមការប្រកួតថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅតៃវ៉ាន់ នាខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ។
លោកបន្ដថា ចំពោះការប្រកួតក្នុងថ្ងៃនេះក៏មាននិស្សិតចូលរួមជាច្រើន ដែលមកពីបណ្ដាសាកលវិទ្យាល័យជាច្រើន ដូចជា សាកលវិទ្យាល័យភូមិន្ទវិទ្យាសាស្ដ្រច្បាប់ និងសេដ្ឋកិច្ច , សាកលវិទ្យាល័យអាស៊ីអឺរ៉ុប, ហ្សាម៉ាន់ , សាកលវិទ្យាល័យបញ្ញាសាស្រ្ដ, ប៊ែលធី, CamEd, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ និងវិទ្យាស្ថានអន្ដរទ្វីបអាមេរិកាំង។
លោក បន្ថែមថា «ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ដោយមានបេក្ខជនចូលរួមកាន់តែច្រើនជាមុនទៅទៀត ហើយម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្ពស់ មិនថាចំណេះដឹងទូទៅ ឬក៏សមត្ថភាពភាសាអង់គ្លេសនោះទេ»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះJCI បានរៀបចំវេទិកាប្រកួតប្រជែងរង្វាន់វោហាស័ព្ទជាសាធារណៈ និងអ្នកតស៊ូមតិឆ្នើមជាលើកទី៦ហើយ ដោយកាលពីឆ្នាំ២០១៥កន្លងទៅ យុវតី តារា រត្ន ដែលជាបេក្ខជនវេទិកាប្រកួតប្រជែង វោហាស័ព្ទជាសាធារណៈតំណាងកម្ពុជា បានទទួលបជ័យលាភីនៅក្នុង ការប្រកួតជាលក្ខណៈអន្ដរជាតិ នៅកាណាហ្សាវ៉ាក ប្រទេសជប៉ុន ដោយមានបេក្ខជនចូលរួមចំនួន៤តំបន់ គឺអឺរ៉ុប អាហ្វ្រិច អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក៕