(ពិភពលោក)៖ ភាពជោគជ័យ នៅក្នុងឆាកនយោបាយ គឺមិនមែនជាការងារងាយស្រួលធ្វើនោះឡើយ ចាំបាច់ត្រូវតែមានភាពវៃឆ្លាត ជាមួយយុទ្ធសាស្រ្ត និងជំនាញដ៏ប៉ិនប្រសប់ផងដែរ។ មិនត្រឹមតែមានជំនាញ និងចំណេះដឹងប៉ុណ្ណោះនោះ អ្នកនយោយបាយក៏ត្រូវមាន ទ្រព្យសម្បត្តិច្រើនផងដែរ ដើម្បីជាលំនឹងក្នុងការងារ នយោបាយរបស់ខ្លួន។
អ្នកនយោបាយត្រូវបាន គេចាត់ទុកជាតំណាងរបស់រដ្ឋាភិបាល ឬបក្សប្រឆាំង ដើម្បីធ្វើការងារក្នុងការថែរក្សាសុខមាលភាព ជូនដល់ប្រជាជនជន ហើយអ្នកនយោបាយ ក្នុងប្រទេសប្រជាធិបតេយ្យ ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត ជាមួយគ្នានេះ ក្សត្រនៃប្រទេសមួយចំនួនក៏ត្រូវចាត់ទុក ជាអ្នកនយោបាយផងដែរ។
នៅថ្ងៃអាទិត្យសប្តាហ៍នេះ យើងខ្ញុំសូមលើកយកនូវព័ត៌មានស្តីពី អ្នកនយោបាយទាំង១០ នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ដោយដកស្រង់ចេញពី គេហទំព័របរទេសដ៏ល្បីឈ្មោះមួយ។ ទ្រព្យសម្បត្តិរបស់ពួកគាត់ មានរាប់ប៊ីលានដុល្លារ (១ប៊ិលានដុល្លារ=១ ០០០ ០០០ ០០០ដុល្លារ)។
១-លោក Michael Bloomberg ៖ លោកជាអ្នកនយោបាយ និងជាពាណិជ្ជករ ដ៏ល្បីល្បាញរបស់អាមេរិក។ លោកក៏ជាអតីតអភិបាលក្រុង New York City សហរដ្ឋអាមេរិក។ លោកមានទ្រព្យសម្បត្រិ ៣៧.២ ប៊ីលានដុល្លារ។
២-សម្តេច Abdullah Bin Abdul Aziz ៖ ជាព្រះមហាក្សត្រ នៃអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គមានទ្រព្យសម្បត្តិ ២១ប៊ីលានដុល្លារអាមេរិក។
៣-ព្រះចៅស៊ូតង់ Hassanal Bolkiah ៖ ជាព្រះមហាក្សត្រ នៃប្រទេសប៊ុយណេ ព្រះអង្គមានព្រះរាជទ្រព្យចំនួន ២០ប៊ីលានដុល្លារអាមេរិក។
៤-លោកស្រី Sonia Gandhi៖ ជាអ្នកនយោបាយដ៏ល្បីឈ្មោះរបស់ប្រទេសឥណ្ឌា។ លោកស្រីបច្ចុប្បន្ន មានតួនាទីជាប្រធានសមាជជាតិឥណ្ឌា ហើយលោកស្រីមានទ្រព្យសម្បត្តិចំនួន ១៩.២ ប៊ីលានដុល្លារ។
៥-សម្តេច Khalifa Bin Zayed Al Nahyan ៖ ជាប្រធានាធិបតីរបស់ប្រទេសអារ៉ាប់រួម មានទ្រព្យសម្បត្តិ ១៩ប៊ីលានដុល្លារអាមេរិក។
៦-លោក Vladimir Putin ៖ជាប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក Putin មានទ្រព្យសម្បត្តិ ដែលបង្ហាញជាផ្លូវការ ចំនួន១៨.៤ប៊ីលានដុល្លារ។
៧-លោកស្រី Savitri Jindal៖ ជាឥស្សរជននយោបាយ ដ៏ល្បីឈ្មោះមួយរូបរបស់ឥណ្ឌា។ លោកស្រី Savitri Jindal មានតួនាទីដ៏សំខាន់ក្នុងក្រុមហ៊ុន Jindal Steel & Power Limited ដែលស្វាមីរបស់លោកស្ត្រីជា ស្ថាបនិកនៃក្រុមហ៊ុននេះ។ លោកស្រី មានទ្រព្យសម្បត្តិសរុបចំនួន ១៣.២ ប៊ីលានដុល្លារ។
៨-លោក Zong Qinghou ៖ ជាសមាជិកក្រុមប្រឹក្សាជាតិចិន ហើយក៏ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន The Hangzhou Wahaha Group។ បច្ចុប្បន្នលោក Zong Qinghou មានទ្រព្យសម្បត្តិ ១០.៨ ប៊ីលានដុល្លារ។
៩-លោក Serge Dassault ៖ ជាអ្នកនយោបាយរបស់បារាំង។ ក្រៅតែពីជាអ្នកនយោបាយ ដ៏ល្បីឈ្មោះរបស់បារាំងហើយនោះ លោក Serge Dassault ក៏ជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Dassault Group ផងដែរ ដោយលោកមានទ្រព្យសម្បត្តិសរុបចំនួន ៨ប៊ីលានដុល្លារ។
១០-លោក Silvio Berlusconi ៖ លោកជាអតីតនាយករដ្ឋមន្ត្រី អ៉ីតាលី ដោយលោកបានលាលែងពីតំណែងកាលពីឆ្នាំ ២០១១។ ក្រៅពីធ្វើនយោបាយលោកជាម្ចាស់មានក្រុមហ៊ុនមួយចំនួន ក្នុងប្រទេសអ៉ីតាលី។ លោក Silvio Berlusconi មានទ្រព្យសម្បត្តិសុរបចំនួន ៧.៨ ប៊ីលានដុល្លារ៕