(ភ្នំពេញ)៖ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ប្រជាពលរដ្ឋថា សូមឲ្យបងប្អូនទាំងអស់ដែលបានទទួលអត្តសញ្ញាណប័ណ្ណរួច ពេលត្រឡប់សូមជួយផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារបើសិនមានបងប្អូនណាមិនទាន់បានធ្វើអត្តសញ្ញាណ ប័ណ្ណសូមអញ្ជើញប្រញាប់មកកាន់នគរបាលប៉ុស្តិ៍ ក្នុងមូលដ្ឋានរបស់បងប្អូនឬមកកាន់អធិការដ្ឋានដើម្បី បំពេញសំណុំបែបបទ និងធ្វើអត្តសញ្ញាណប័ណ្ណដើម្បីប្រយោជន៍ប្រើប្រាស់ ពេលបំពេញការងារផ្សេងៗផងដែរ។
លោក ម៉ក់ ហុង បានឲ្យដឹងថា ប្រជាពលរដ្ឋ មួយភូមិមានច្រើនគ្រួសារ ដូច្នេះនៅមានប្រជាពលរដ្ឋខ្លះ មិនទាន់បានមកធ្វើអត្តសញ្ញាណប័ណ្ណទេ ចឹងសូមអញ្ជើញមកធ្វើបានគ្រប់ៗគ្នា ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ និងតាមការងារជាក់ស្តែង។
លោកថា សម្រាប់ការងារនេះ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានជំរុញយ៉ាងខ្លាំង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលបានសេវាទាំងនេះ បានគ្រប់ៗគ្នា ទាំងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជាដើម។
លោកអធិការបានបន្តទៀតថា ចំពោះប្រជាពលរដ្ឋណាដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ប្រើប្រាស់សូមអញ្ជើញទៅកាន់ប៉ស្តិ៍នគរបាល ដែលនៅក្បែរលំនៅដ្ឋានរបស់បងប្អូន ហើយបើសិនមិនឃើញមានស្ថានីយ៍ និងក្រុមមន្រ្តីប្រចាំនៅតាមប៉ុស្តិ៍នមួយៗនោះ សូមបងប្អូនអញ្ជើញទៅកាន់អធិការដ្ឋាន ឬក៏ទំនាក់ទំនងមកកាន់រូបលោកដោយផ្ទាល់ លោកនិងរៀបចំឲ្យធ្វើ។
លោកក៏បានបញ្ជាក់ថា ចំណែកឯអ្នកដែលបានមកធ្វើហើយប៉ុន្តែនគរបាល មិនធ្វើឲ្យឬក៏បង្គាប់ឲ្យបង់លុយច្រើនទើបធ្វើឲ្យនោះ ត្រូវទំនាក់ទំនងមករូបលោកភ្លាម ព្រោះការធ្វើអត្តសញ្ញាណប័ណ្ណ មិនតម្រូវឲ្យបង់លុយច្រើនទេ គ្រាន់តែបង់តាមច្បាប់កំណត់ ឲ្យក្នុងម្នាក់១ម៉ឺនរៀលគឺរួចជាស្រេច ប៉ុន្តែសម្រាប់អ្នកដែលបានធ្វើហើយមិនទទួលបានអត្តសញ្ញាណប័ណ្ណរហូតដល់ទៅ២ឬ៣ខែ មិនទាន់បានទទួលនោះ សូមទំនាក់ទំនងមករូបលោកជាបន្ទាន់ ដើម្បីលោកបានធ្វើការស្រាវជ្រាវរកមើលថា ការយឺតយ៉ាវនេះបណ្តាលមកពីមូលហេតុអ្វីឬមួយ ក៏មានការភាន់ច្រឡំទៅណា។
លោកបានបន្ថែមថា ការចុះធ្វើនេះមិនត្រឹមតែធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ សម្រាប់គ្រួសារណា ដែលមិនទាន់មានសៀវភៅគ្រួសារ ក៏ត្រូវប្រញ៉ាប់មកកាន់ស្ថានីយ៍ធ្វើនិមួយៗដែលនៅក្បែរលំនៅដ្ឋានបងប្អូននោះ ក៏អញ្ជើញមកកាន់អធិការដ្ឋាន មកជួបលោកអធិការរង ឬក៏ទំនាក់ទំនងមកលោកតាមរយៈលេខទូរស័ព្ទ 012 925 968។