(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃជំនួបសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលធ្វើឡើងនៅម៉ោង៩៖៣០នាទីព្រឹកមិញ។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទ លោក ចូកូ វីដូដូ បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះកម្ពុជា ក្នុងការចូលកាន់តំណែងជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ លោក បានបញ្ជាក់សាជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឥណ្ឌូនេស៊ី ចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ ដោយ លោកជឿជាក់ថា ជោគជ័យរបស់កម្ពុជា នឹងរួមចំណែកដល់ជោគជ័យរបស់ឥណ្ឌូនេស៊ីក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣។

ជាការឆ្លើយតប សម្តេចតេជោ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ និងដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះសម្តេចតេជោក៏បានកោតសរសើរគំនិតផ្តួចផ្តើមជាច្រើនរបស់ឥណ្ឌូនេស៊ី ដែលបានរួមចំណែកដល់ដំណើរការកសាងសហគមន៍អាស៊ាន។

ក្រសួងការបរទេសកម្ពុជា បានអះអាងទៀតថា ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរ ទស្សនៈអំពីវិវឌ្ឍន៍ថ្មីៗនៅមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីសារសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយសមស្រប សំដៅឈានទៅសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖