(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចដាក់ឱ្យអនុវត្តការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ចាប់ពីថ្ងៃនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្នុងស្មារតីនេះ ម្ចាស់សំណង់ អ្នកអភិវឌ្ឍអចលនវត្ថុ និងអ្នកអភិវឌ្ឍលំនៅឋាន ត្រូវរកអ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានអាជ្ញាបណ្ណផ្តល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីត្រួតពិនិត្យ និងចេញលិខិតបញ្ជាក់អនុលោមភាពនៃគម្រោងប្លង់ ការងារសាងសង់ ឬរះរើ ឬសំណង់របស់ខ្លួន តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត មុននឹងដាក់ ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ឬរុះរើ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីធានាគុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ច្បាប់ស្តីពីសំណង់ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/ ០១៩ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានតម្រូវឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២២៥ អនក្របក ដើម្បីកំណត់ លក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់។
ក្រសួងបានបន្តថា ដើម្បីអនុវត្តអនុក្រឹត្យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសលេខ០៣៣ ដ. ន. ស./ ប. ក./ នី. ក. ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្តីពីបែបបទ និងបរិបថនៃការផ្តល់អាជ្ញាបណ្ណ ការផ្តល់សន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និងការបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ប្រកាសលេខ១០៩ ដ. ន. ស/ ប.ក./ នី. ក. ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីបែបបទនៃការងារត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងគម្រោងប្លង់ គ្រឿងផ្គុំសំណង់ និងប្រកាសលេខ១២៦ ដ.ន.ស./ ប.ក./ នី. ក. ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីបែបបទនៃ ការងារត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់ផងដែរ៕