(ភ្នំពេញ)៖ លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានប្រាប់ Fresh News នៅថ្ងៃទី២៤ ខែមេសានេះថា កម្លាំងសមត្ថកិច្ចខណ្ឌរបស់លោក បានឃាត់ខ្លួនយុវជនម្នាក់ ក្រោយរូបគេ យកដុំថ្មគប់កញ្ចក់ធនាគារ ABA បណ្តាលឲ្យបែកមួយផ្ទាំងធំ ព្រោះខឹងចូលដកប្រាក់ ATM មិនបានញយដងពេក។
លោកអធិការខណ្ឌបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០៖៣៥នាទីព្រឹកថ្ងៃទី២៤ មេសា ២០១៦ នៅជិតផ្សារឡាក់គី តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ហើយបើគិតមកដល់ម៉ោង ១២៖៣៦នាទីថ្ងៃត្រង់នេះ សមត្ថកិច្ចកំពុងសាកសួរនៅឡើយ ដើម្បីឲ្យដឹងច្បាស់ថា មកពួកអ្វីឲ្យពិតប្រាកដ បានជាឈានដល់ប្រើអំពើហិង្សា បំផ្លាញទ្រព្យសម្បត្តិគេដូច្នេះ។
លោក ហ៊ាងថារ៉េត អធិការងខណ្ឌចំការមន ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ដំណើររឿងថា ជនសង្ស័យលេងហ្គេមតាមអ៉ីនធឺណែត ឈ្នះរង្វាន់មកបើកលុយមិនបាន ជាញយដង ដល់ពេលព្រឹកនេះ ជិះម៉ូតូមកអែបចឹញ្ចើមផ្លូវ មុខធនាគារ ABA ក៏យកដុំថ្មគប់ ហើយសន្តិសុខចាប់ប្រគល់ឲ្យ សម្ថកិច្ចតែម្តង។
លោកបន្តទៀតថា យុវជនសង្ស័យមានឈ្មោះ ចាន់ រតនៈ អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ៣៤០ ផ្លូវ៦៥៦ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ មុខកើតហេតុគេឃើញ យុវជនខាងលើបានជិះម៉ូតូម៉ាក Duke ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1FL-6757 មកឈប់មុខទូ ATM របស់ធនាគារ ABA រួចដើរចូលទៅក្នុងទូ ATM ចង់ដកលុយ ប៉ុន្តែដកមិនបានក៏ចេញមកវិញ ហើយក៏គប់កញ្ចក់ធនាគារ បែកកញ្ចក់ខ្ចាយ ផ្អើលអស់សន្តិសុខធនាគារ។
លោក យិន សាន បានបញ្ជាក់ថា ធនាគារ ABA បានទាមទារសំណង ៨០០ដុល្លារ ពីការខូចខាតដែលយុវជនចិត្តក្តៅនេះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិធនាគារ ប៉ុន្តែមិនទាន់ត្រូវរ៉ូវគ្នានោះទេ៕