(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវខិតខំទប់ស្កាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងការបង្ក្រាបបញ្ហាគ្រឿងញៀន និងការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយស្របតាមសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការក្រើនរំឮកបែបនេះរបស់អភិបាលខេត្តព្រៃវែង បានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom) ដោយមានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលរងខេត្ត និងលោក លោកស្រី អភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្តនាយកទីចាត់ការសាលាខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធាន អនុប្រធានមន្ទីរអង្គភាព កងកម្លាំងទាំង៣ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។

នាឱកាសនោះដែរ លោកអភិបាលខេត្តព្រៃវែង ក៏បានក្រើនរម្លឹកដល់លោកអភិបាលស្រុកកំចាយមារ ជំរុញការស្នើសុំអាជ្ញាបណ្ណចែកចាយទឹកស្អាតឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពទឹកដែលមានលក្ខណៈស្តង់ដារ អាចទទួលយកបាន និងរដ្ឋក៏អាចទទួលបាននូវព័ន្ធមួយចំនួនផងដែរ។ ជាមួយគ្នានេះ ត្រូវរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការថែទាំបរិស្ថាននៅលើស្ពានអ្នកលឿង ស្នើសុំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយសម្រួលការងារនេះ ដើម្បីបញ្ជាសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការរក្សាអនាម័យសំរាមនៅលើបរិវេណស្ពាននេះផងដែរ។

លោកបានបន្ថែមថា ដោយឡែកមន្ទីរកសិកម្ម ក៏ត្រូវពិនិត្យ និងដោះស្រាយការងារបង្កបង្កើនផលទូទាំងខេត្ត រួមមានដំណាំស្រូវ និងដំណាំផ្សេងៗ ដូចជាបន្លែជាច្រើនប្រភេទ ដោយធ្វើការសហការណ៍ឱ្យបានល្អជាមួយមន្ទីរធនធានទឹកខេត្ត ក្នុងខណៈដែលអាជ្ញាធរតាមបន្ទាត់ព្រំដែនត្រូវខិតខំសម្របសម្រួល ដើម្បីជួយសម្រួលក្នុងការនាំកសិផលដំណាំស្រូវចេញទៅប្រទេសវៀតណាម ផងដែរ។

លោក ជា សុមេធី ក៏បានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត យកចិត្តទុក្ខដាក់ពិនិត្យ និងអន្តរាគមន៍ ពន្លឿនលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលស្ថិតក្នុងគំរោង ជាពិសេសជាអនុសាសន៍របស់សម្តេចតេជោ និងសម្តេចក្រឡាហោម ស ខេង ជាដើម ដូចសម្តេចតេជោមានប្រសាសន៍ថា «មានផ្លូវ មានក្តីសង្ឃឹម»។

លោកអភិបាលខេត្តក៏បានណែនាំអាជ្ញាធរត្រូវពង្រឹងរក្សាជំហរប្រុងប្រយ័ត្នខ្ពស់ដដែលលើករណីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយប្រកាន់ខ្ជាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនេះបានម៉ឺងមាត់ទាំងអស់គ្នា៕