(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានប្រកាសថា នៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមេឃុំរបស់គណបក្សសមរង្ស៊ី នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យគ្រួសារស្រីមុំ។
នៅលើបណ្តាញសង្គម Facebook នៅប៉ុន្មាននាទីមុននេះ លោក ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានសរសេរថា «នៅវេលាម៉ោង ១០៖៣០ នាទី ព្រឹកមិញនេះ អង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយលោក ឱម យ៉ិនទៀង បានទៅចាប់ខ្លួន លោក ស៊ាង ចែត មេឃុំស្រក មកពីគណបក្សសម រង្ស៊ី នៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម យកមកភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងលុយ ៥០០$ ដែលឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ បានឆ្លើយដាក់»។
អង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺបន្ថែមពី លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ ដោយទូរស័ព្ទរបស់លោកខលចូល ប៉ុន្តែគ្មានអ្នកទទួល។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅ «ស្រីមុំ» បានសរសេរលិខិតជំហរមួយរៀបរាប់អំពីរឿងរ៉ាវរបស់នាងក្រោយបែកធ្លាយសំឡេងខ្សែអាត់សាសងស្នេហា ជាមួយ លោក កឹម សុខា។ នៅក្នុងលិខិតនោះ ស្រីមុំ បាននិយាយអំពី លោក ស៊ាង ចែត មេឃុំស្រក ដែលជាសមាជិករបស់គណបក្សសង្រ្គោះជាតិ បានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត។
កញ្ញា ស្រីមុំ បានសរសេរថា «ចំណែកឪពុកម្តាយខ្ញុំដែលកំពង់រស់នៅ ភូមិណ្តក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏ត្រូវរកការអូសទាញ បញ្ចុះបញ្ចូលពួកគាត់ ពីសំណាក់មេឃុំស្រក ឈ្មោះ ស៊ាង ចែត ហើយបង្គាប់ឱ្យមែឪនាងខ្ញុំ ណែនាំដល់នាងខ្ញុំ កុំឱ្យនិយាយការពិត ដែលប៉ះពាល់ដល់ លោក កឹម សុសា។ មេឃុំ បានយកលុយមកឱ្យម្តាយនាងខ្ញុំ ចំនួន៥០០ដុល្លារអាមេរិក ហើយបានសន្យាឱ្យនាងខ្ញុំ និងម្តាយនាងខ្ញុំ ទៅរស់នៅ ក្រៅប្រទេស»។
កញ្ញាបានបន្ថែមថា «នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នាងខ្ញុំបានធ្វើដំណើរទៅផ្ទះ នៅស្រុកកំណើត ពេលនោះ មេឃុំ ស៊ាង ចែត និងសកម្មជនមួយចំនួនរបស់គណបក្សសង្រ្គោះជាតិ បានមកផ្ទះនាងខ្ញុំ ហើយសួរនាំនាងខ្ញុំថា តើចង់ទៅរស់នៅក្រៅប្រទេសឬអត់ បើចង់ទៅ គឺអាចទៅទាំងគ្រួសារ ហើយបើទៅម្នាក់ឯងក៏បានដែរ។ នាងខ្ញុំបានសួរមេឃុំ ស៊ាង ចែត អំពីលយ ដែលយកមកឱ្យម្តាយខ្ញុំចំនួន៥០០ដុល្លារ តើបានមកពីណា? មេឃុំ ស៊ាង ចែត បានឆ្លើយថា លុយនេះ គឺជាលុយរបស់ លោក កឹម សុខា ផ្ញើមកឱ្យគ្រួសារនាងខ្ញុំ។ មេឃុំ ស៊ាង ចែត ក៏បានប្រាប់នាងខ្ញុំថា លោក កឹម សុខា បានទូរស័ព្ទមកសួរថា តើឪពុកម្តាយ យល់ព្រមទទួលយកប្រាក់របស់គាត់ ឬអត់។ មេឃុំបានប្រាប់ទៅវិញថា ម្តាយនាងមិនទាន់ទទួលយកទេ ដោយសុំធ្វើការពិចារណា ហើយលោក កឹម សុខា បានប្រាប់មេឃុំថាលុយនៅទីនោះចុះ»។
កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានលាក់បាំងការពិតក្រោយផ្ទុះរឿងអាស្រូវ រយៈពេលជាង១ខែមកនេះ ក៏បានដាក់ពាក្យប្តឹង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងបក្ខពួក ក្នុងរឿងនេះ ដើម្បីទាមទារសំណងជំងឺចិត្ត ៣០ម៉ឺនដុល្លារផងដែរ ចំពោះការលួងលោមធ្វើឱ្យបាត់បង់កិត្តិយសរបស់នាង កន្លងមក៕