(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្ស២នាក់ទៀត (២នាក់ក្នុងចំណោម៣នាក់ដែលរត់គេច) ដែលពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទៅតាមដីការបស់តុលាការ។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីជាន់ខ្ពស់នគរបាលជាតិ។

បុរស២នាក់នោះ រួមមានទី១៖ ឈ្មោះ សុខ ណារិទ្ធ និងម្នាក់ទៀតឈ្មោះ សុខ គង្គា។ ពួកគេស្ថិតនៅក្នុងចំណោមមនុស្ស៩នាក់ ដែលត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

ក្នុងចំណោមជនត្រូវចោទ៩នាក់នោះ មាន៦នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន នៅថ្ងៃទី០៣ ខែមករា ម្សិលមិញ ខណៈសមត្ថកិច្ចកំពុងតាមស្វែងរកតាមចាប់ខ្លួន អ្នករៀបចំបាតុកម្មម្នាក់ទៀត ឈ្មោះឈឹម ស៊ីថរ។

សូមបញ្ជាក់ថា នៅមុនមានការចាប់ខ្លួនមេក្រុមបាតុករទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្របសម្រួល និងអំពាវនាវឲ្យពួកគេផ្អាកសកម្មភាព ដើម្បីអបអរសាទរដល់ការឆ្លងឆ្នាំ បុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែពួកគេពុំបានបញ្ឈប់តាមការអំពាវនាវនោះឡើយ៕

សូមទស្សនារូបភាព និងភស្តុតាងមួយចំនួន៖ https://t.me/freshnewsasia/80979