(កណ្តាល)៖ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ និងមាត់ទន្លេមេគង្គ ក្នុងភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការបាក់ស្រុតផ្ទះសម្បែងរបស់គាត់ ចូលទឹកទន្លេនៅរដូវទឹកឡើង ដោយសារតែឈ្មួញបូមខ្សាច់ឈ្មោះ ណាំ ហ៊ាង ធ្វើសកម្មភាពបូមអនាធិបតេយ្យ នៅតាមដងទន្លេដោយបូមនៅតែក្បែរៗ ច្រាំងចល័តទីនេះបន្តិចទីនោះបន្តិច រំខានដល់ការរស់នៅរបស់ពួកគាត់ ដោយសំឡេងរំពងពីម៉ាស៊ីនបូមខ្សាច់។
ទុក្ខលំបាករបស់បួកគាត់នេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយមេឈ្មួញរូបនេះមានការត្រូវរ៉ូវ ជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ទើបគេអាចធ្វើសកម្មភាពបូមបានដោយរលូនបែបនេះ។ នេះបើយោងតាមប្រជាពលរដ្ឋ នៅទីនោះបានថ្លែងប្រាប់ Fresh News សុំឲ្យជួយចុះផ្សាយក្រែងដឹងដល់ថ្នាក់លើ។
ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេ ក្នុងភូមិស្វាយជ្រំបាននិយាយថា ទូកបូមខ្សាច់របស់លោកថៅកែ ណាំ ហ៊ាង បានធ្វើសកម្មភាពបូមចល័ត នៅក្នុងដងទន្លេ ក្នុងឃុំព្រែកដំបងមួយថ្ងៃ ឥតឈប់គ្រប់កន្លែងទាំងអស់ ដោយបូមនៅអែបៗ និងមាត់ច្រាំងទន្លេដោយគេមិនខ្វល់ពីផលប៉ះពាល់ ដល់ប្រជាពលរដ្ឋនោះឡើយ និយាយឲ្យចំគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ប៉ុណ្ណោះ ចំណែកឯអាជ្ញាធរឬជំនាញមូលដ្ឋាន ហាក់បីដូចជាបណ្តែតបណ្តោយឲ្យឈ្មោះ ណាំ ហ៊ាង ធ្វើតាមតែអំពើចិត្តមិន មានវិធានការអ្វីទាំងអស់ទំនងជាទទួលបានលាភសក្តារៈ មិនតិចនោះទេក្នុង១ឆ្នាំ បានជាបិទភ្នែកសំងំធ្វើមិនដឹងមិនឮ ទាំងប្រជាពលរដ្ឋរស់នៅទុកព្រួយភ័យខ្លាច និងការបាក់ស្រុតច្រាំងទន្លេបាក់ផ្ទះរបស់គាត់ ចូលទៅក្នុងទឹកទន្លេនោះ នាពេលរដូវទឹកឡើងខាងមុខ។
ពួកគាត់បានបន្តថា ច្រាំងទន្លេនៅក្នុងភូមិរបស់គាត់ក្នុងមួយឆ្នាំៗ បាក់ស្រុតមិនតិចនោះដោយកន្លែងខ្លះ បាក់រហូតដល់ប្រជាពលរដ្ឋអស់ដីនៅ និងកន្លែងខ្លះបាក់ត្រឹមសរសផ្ទះធ្វើឲ្យមានការព្រួយបារម្ភយ៉ាង ខ្លាំងនេះគឺដោយសារតែសកម្មភាពបូមខ្សាច់បែបអនាធិបតេយ្យ គ្មានច្បាប់ទម្លាប់របស់លោក ណាំ ហ៊ាង ប្រសិនបើគាត់បូមគោរពទៅតាមការកំណត់របស់ក្រសួងរ៉ែ និងថាមពលដោយមានកំណត់គម្លាតត្រឹមត្រូវនោះ វាមិនមានអ្វីប៉ះពាល់ដល់ច្រាំងទន្លេនោះឡើយ ប៉ុន្តែផ្ទុយទៅវិញគាត់បូមស្រេចតែក្បាលចិត្តរបស់គាត់ ចល័តទៅទីនេះបន្តិចទីនោះបន្តិច ក្នុងភូមិសាស្ត្រស្វាយជ្រំ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅទាំងភ័យខ្លាច មិនដេកពួកព្រោះតែការបាក់ស្រុត ចំណែកឯឈ្មួញខាងលើទទួលបានផលប្រយោជន៍ខ្ពស់ ដោយចំណាយបង់ពន្ធជូនរដ្ឋ ១សេនណាឡើយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុងមួយឆ្នាំមិនតិចនោះទេ ដូច្នេះហើយពួកគាត់សំណូមពរដល់ក្រសួងរ៉ែនិងថាមពល ក៏ដូចជាលោក អភិបាលខេត្តកណ្តាលមេត្តាចុះ ទៅពិនិត្យមើលទូកបូមខ្សាច់ របស់ឈ្មួញរូបនេះផង។
ខាងលើនេះគ្រាន់តែមតិរបស់រាស្រ្តប៉ុណ្ណោះ តែពិតឫយ៉ាងណានោះ Fresh News ក៏មិនដឹងដែរ មានតែមន្រ្តីជំនាញចុះទៅមើលខ្លួនឯងចុះ៕