(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ប៊ុត សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ បានអះអាងថា កញ្ញា ឈឹម ស៉ីថរ ដែលជាមេក្លោងចលនាញុះញង់ឲ្យបុគ្គលិក ប្រមូលផ្ដុំតវ៉ា នៅមុខកាស៉ីណូណាហ្គាវើលដ៍ ដោយខុសច្បាប់ ធ្លាប់បានប្ដេជ្ញាថា នឹងកម្ទេចណាហ្គាវើលដ៍ចោលតែម្ដង មុនខ្លួនដើរចេញពីកន្លែងធ្វើការមួយនេះ។

បើតាមការស្រាវជ្រាវ ក្រៅពីគ្រោងកម្ទេចណាហ្គាវើលដ៍ហើយនោះ ក្រុមចលនាញុះញង់ខុសច្បាប់របស់ ឈឹម ស៉ីថរ ក៏មានផែនការបំផ្លាញការបោះឆ្នោតជាតិឆ្នាំ២០២៣ផងដែរ។ អ្វីដែលគេកត់សម្គាល់កាន់តែច្បាស់ថែមទៀតនោះ បុគ្គល ឈឹម ស៉ីថរ ជាមនុស្សស្និតជាមួយលោកស្រី មួរ សុខហួរ (ដូចរូបភាពខាងក្រោម) ដែលជាក្រុមឧក្រិដ្ឋជនក្បត់ជាតិ ហើយកំពុងរត់គេចខ្លួនទៅក្រៅប្រទេស ពីការតាមចាប់ថែមទៀតផង។

តាមរយៈសារផ្ទៃក្នុងរបស់ក្រុមមេក្លោងចលនាញុះញង់ដោយខុសច្បាប់ ដែលត្រូវសមត្ថកិច្ចរកឃើញ និងបង្ហាញជាសាធារណៈនូវអ្វីដែលជាផែនការខុសច្បាប់ ទទួលការគាំទ្រទាំងថវិកាពីក្រៅប្រទេសនោះ កញ្ញា ឈឹម ស៉ីថរ បានសរសេរថា «ឈប់ដូច សេក សំអន មែន? មុនដើរចេញវ៉ៃឆ្នាំងបាយឲ្យខ្ទេចសិន»។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ប៊ុត សុសិក្ខា។

មន្ដ្រីនគរបាលជំនាញដែលបានខិតខំស្រាវជ្រាវ និងប្រមូលភ័ស្ដុតាង ជុំវិញការរៀបចំផែនការធ្វើបាតុកម្មដោយខុសច្បាប់ ដើម្បីបង្ហាញឲ្យសាធារណៈជនបានដឹង ពិសេសក្រុមបុគ្គលិក Naga ដែលបាញ់បោកក្រុមមេក្លោង ឈឹម ស៉ីថរ បានបន្ថែមថា ក្រៅពីប្ដេជ្ញាកម្ទេចណាហ្គាវើលដ៍ មេក្លោងរូបនេះ ក៏ទទួលបាននូវការឧបត្ថម្ភខ្ទង់ម៉ឺនដុល្លារពីអង្គការនៅក្រៅប្រទេសផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ ប៊ុត សុសិក្ខា ក្នុងករណីផែនការរបស់ពួកគេបានសម្រេចដូចការគ្រោងទុកនោះ ម្ល៉េះបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមាណជាង៨,០០០នាក់ នឹងគ្មានការងារធ្វើនោះឡើយ។

លោកឧត្តមសេនីយ៍ទោ ប៊ុត សុសិក្ខា បានបញ្ជាក់បែបនេះថា «មេដឹកនាំ ឈឹម ស៉ីថរ នេះគាត់ថា មុននឹងគាត់ចេញពីណាហ្គាវើលដ៍ គាត់កម្ទេចឆ្នាំងបាយឲ្យអស់ កម្ទេចណាហ្គាវើលដ៍ ដូច្នេះប្រសិនជាគាត់ចេញទៅ ណាហ្គាវើលដ៍មិនទទួលយកគាត់ គឺគាត់អុកឡុកកម្ទេចណាហ្គាវើលដ៍នេះជាពាក្យដែលគាត់និយាយនៅក្នុងគ្រុបរបស់គាត់ ជាមេដឹកនាំមានតែ៦នាក់ប៉ុណ្ណោះ»

លោកស្នងការរងរូបនេះ បានអះអាងទៀតថា អ្នកដែលកំពុងធ្វើបាតុកម្មជាបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមិនដឹងរឿងរ៉ាងផ្ទៃក្នុងរបស់មេក្លោងនោះទេ ពោលមេក្លោងដែលញុះញង់ឲ្យបុគ្គលិកបាញ់បោកធ្វើបាតុកម្មខុសច្បាប់ មិនបានចូលរួមក្នុងហ្វូងបាតុករនោះឡើយ ដោយគ្រាន់តែបញ្ជាពីខាងក្រៅមកទាំងអស់។ សមត្ថកិច្ចក៏មានភ័ស្ដុសំឡេង និងវីដេអូប្រជុំរបស់ក្រុមមេក្លោងចលនាខុសច្បាប់នេះផងដែរ។

តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកមិញនេះ ទាំងតំណាងអយ្យការ និងមន្ដ្រីនគរបាលយុត្តិធម៌ ក៏បានអំពាវនាវដល់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងធ្វើបាតុកម្មនេះ កុំបន្ដជឿតាមការញុះញង់ដោយខុសច្បាប់ពីក្រុមមេក្លោង ឈឹម ស៉ីថរ បន្ដទៀត ហើយត្រូវងាកមកស្វែងរកការចរចារដោយសន្ដិវិធី តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសាលារាជធានីភ្នំពេញ។

យ៉ាងណាមិញ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឲ្យដឹងដែរថា មេក្លោង៣នាក់ ដែលដឹកនាំចលនាខុសច្បាប់នេះ ក៏មានដីកាជាប់ខ្លួនផងដែរ ក្នុងនោះរួមមាន ឈ្មោះ ឈឹម ស៉ីថរ, សុខ គង្គា និង សុខ ណារិទ្ធ ដែលកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕

សូមទស្សនារូបភាព និងភស្តុតាងមួយចំនួន៖ https://t.me/freshnewsasia/80979