(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ អាន់ឌីកា ភើរកាសា អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេសុី បានផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។

មេបញ្ជាការកងទ័ពកម្ពុជា និង ឥណ្ឌូនេស៊ី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញ នាយឧត្តមសេនីយ៍ អាន់ឌីកា ភើរកាសា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមិនា ឆ្នាំ២០២២ ខាងមុខនេះ៕