(កណ្ដាល)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោកស្រី ពេជ្រ ម៉ារ៉ែន និងលោក លី ភារ៉ា ព្រះរាជអាជ្ញារងទទួលបន្ទុក បានសម្រេចឃុំ និងចោទប្រកាន់មន្រ្តីនគរបាលម្នាក់ ព្រមទាំងបក្ខពួកម្នាក់ទៀត ក្រោយបាញ់បោះសេរី និងបើកបរក្នុងស្ថានភាពស្រវឹងនៅឯស្រុកល្វាឯម ខេត្តកណ្ដាល។ នេះបើតាមការឱ្យដឹងពីលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ។
លោកបានបញ្ជាក់ទៀតថា ជនទាំង២នាក់ ត្រូវចោទប្រកាន់ពីបទ «កាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត្ត និងបើកបរក្នុងស្ថានភាពស្រវឹង» ប្រព្រឹត្តិនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល។
ដំណើររឿបាញ់បោះនេះត្រួវបានសមត្ថកិច្ចបញ្ជាក់ថា ករណីបាញ់បោះនេះបានកើតឡើង កាលពីវេលាម៉ោង ២២៖៥០នាទីយប់ ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១ នៅចំណុចមុខស្ថានីយប្រេងមួយកន្លែង ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនត្រូវចោទទាំង២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ផាន់ ហ៊ុយហាក់ អាយុ២៦ឆ្នាំ មុខរបរនគរបាល មានទីលំនៅផ្ទះលេខ៨២ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
*ទី២៖ ឈ្មោះ ម៉ៅ ជីវិន អាយុ៣២ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ២៩ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់ បានធ្វើដំណើរពីភ្នំពេញ តាមរថយន្តមួយគ្រឿងម៉ាក Lexus RX400h ពាក់ស្លាកលេខ ភ្នំពេញ 2AB-5368 ក្នុងនោះមានក្មេងរួមដំណើរចំនួនពីរនាក់ ដោយមកលេងកម្មវិធីឆ្លងឆ្នាំនៅចំណុចដីឡូតិ៍ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល។ បន្ទាប់មកក៏ត្រឡប់មកផ្ទះវិញ ខណៈឈ្មោះ ផាន់ ហ៊ុយហាក់ ជាអ្នកបើកបរពេលមកដល់ចំណុចកើតហេតុ ពួកគេបានបាញ់មេឃចំនួន០២គ្រាប់។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានដាក់កម្លាំងគ្រប់បណ្ដាប៉ុស្តិ៍តាមដងផ្លូវ ដើម្បីឃាត់រថយន្ត១គ្រឿងរបស់ជនសង្ស័យ។
ពេលរថយន្តជនសង្ស័យ មកដល់ចំណុចជិតស្ពានព្រែកដូនកឹម បានឃើញរថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ចក៏បត់រថយន្តត្រឡប់ក្រោយវិញបើកគេចសមត្ថកិច្ច ខណៈនោះសមត្ថកិច្ចបើករថយន្ដដេញតាមរហូតមកដល់ចំណុចផ្លូវបេតុង ក្នុងភូមិពាមតាឯកដល់ ផ្លូវទាល់ទើបរថយន្តជនសង្ស័យមិនអាចបន្តទៅមុខរួចក៏ឈប់នៅទីនោះ។
សមត្ថកិច្ចបានត្រួតពិនិត្យក្នុងរថយន្តពុំឃើញអាវុធឡើយ ហើយបាននាំជនសង្ស័យមកសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៅ ជីវិន បានសារភាពថា គេពិតជាបានបាញ់អាវុធខ្លីចំនួន០២គ្រាប់ឡើងទៅលើចេញ ពីក្នុងឡានកំពុងបើកនៅចំណុចមុខស្ថានីយប្រេងប្រាកដមែន ដោយអាវុធខ្លីនេះជាអាវុធរបស់ខ្លួនគេផ្ទាល់ដៃ បានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ ហើយរថយន្តរបស់គេបានបើកសំដៅទៅកំពុងចម្លងអរិយក្សត្រ។ ក្នុងពេលនៅដែលបានពិនិត្យជាតិអាល់កុលទៅលើជនសង្ស័យឈ្មោះ ផាន់ ហ៊ុយហាក់ ដែលជាអ្នកបើករថយន្ត មានជាតិអាល់កុលចំនួន 0.092Mg/L៕