(កោះកុង)៖ ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តកោះកុងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះបានបើក យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ (ដូសជំរុញ) ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ១៩។
ការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ (ដូសជំរុញ)នេះ បានធ្វើឡើងក្រោមក្រោមវត្តមាន លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងមន្ត្រីក្រោមឱវាទជាច្រើនរូប។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឲ្យដឹងថា ការរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូចទី៣(ដូសជំរុញ) ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងនេះ ដើម្បីឲ្យស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ជាជំងឺឆ្លងសកលមានហានិភ័យខ្ពស់។
លោកវេជ្ជបណ្ឌិត បានបន្តថា ការបើកយុទ្ធនាការនេះ មន្ទីរសុខាភិបាលបានចូលរួមសហការណ៍ ជាមួយក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ នៅគ្រប់បណ្តាលក្រុង ស្រុក និងធ្វើការស្រង់ទិន្នន័យជូនក្រុមគ្រូពេទ្យក្រសួងការពារជាតិ ហើយក្រសួងការពារជាតិ ក៏ស្រង់ទិន្នន័យជូនមន្ទីរពេទ្យខេត្តវិញផងដែរ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ទោះបីប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣នេះ រួចរាល់ហើយក៏ដោយ តែត្រូវតែអនុវត្តន៍ឲ្យបានជាប់ជានិច្ច នូវវិធានការ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល (៣ការពារ ៣កុំ) និងថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួន និងអនាម័យល្អក្នុងការរស់នៅជាប្រចាំថ្ងៃ។
បើតាមលោក ទូច សាវុធ បានឲ្យដឹងថា ការរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឡើង គឺក្រុមលោកគ្រូពេទ្យ បានរៀបចំ ចាក់វ៉ាក់សាំង គ្រប់បណ្តាក្រុង.ស្រុក ទូទាំងខេត្តកោះកុង ហើយចាប់ផ្តើមអនុវត្តន៍ ចាប់ពីថ្ងៃទី៤ ដល់ទី១១ ខែមករា ឆ្នាំ២០២២ ដើម្បីស្រង់ទិន្នន័យម្តងសិន ទើបក្រុមគ្រូពេទ្យ ចាប់ផ្តើមចាក់បន្តទៀតនៅថ្ងៃក្រោយ៕