(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម ឧបនាយករដ្ឋមន្រ្ដី ហោ ណាំហុង នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដើម្បីអមអរសាទរឆ្នាំថ្មី ឆ្នាំសាកល២០២២ និងសុំអនុសាសន៍ណែនាំ សម្រាប់ការអនុវត្តការងារបន្ដ ក្នុងការបំពេញបេសកកម្មបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន។

តាមរយៈជំនួបនេះ លោក ផៃ ស៊ីផាន បានរំលឹកកោតសរសើរពីការខិតខំលះបង់អស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី របស់ឧបនាយករដ្ឋមន្រ្ដី ហោ ណាំហុង ក្នុងការបំពេញបេសកកម្មបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានសុខសន្ដិភាព ការបង្រួបបប្រួមជាតិ ការលើកកម្ពស់ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ឲ្យ ទទួលបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។

លោក ផៃ ស៊ីផាន បញ្ជាក់ពីគោលបំណងនេះជំនួបនេះ ក្រៅពីការអបអរសាទរជូនពរឆ្នាំថ្មី ឆ្នាំសាកល ២០២២ ជូនឧបនាយករដ្ឋមន្រ្ដី ក៏មានចំណុចគន្លឹះសំខាន់មួយផ្សេងទៀត គឺការផ្សាភ្ជាប់ ក៏ដូចជាផ្ដល់ឱកាសដល់សហការី ដែលជាយុវជនជំនាន់ក្រោយ បានស្វែងយល់ពីបទពិសោធន៍ នៃកិច្ចខិតខំប្រឹងប្រែងនាគ្រាកន្លងមក របស់ឧបនាយករដ្ឋមន្រ្ដី ក្នុងនាមជាឥស្សរជន ជាព្រឹទ្ធាចារ្យនយោបាយជាន់ខ្ពស់ ដែលបានចូលរួមរំដោះជាតិចេញពីបញ្ហាលំបាកៗ ជាច្រើនដំណាក់កាល។

ពិសេសក្នុងកិច្ចការពារកិត្យានុភាព ឯករាជ្យ អធិតតេយ្យ និងអព្យាក្រឹតភាពជាតិ ជាក់ស្ដែងដូចជាការបង្កើតបាននូវកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជា ការតតាំងរឿងក្ដីប្រាសាទព្រះវិហារក្នុងគ្រាជម្លោះជាមួយថៃ រួមនឹងកិច្ចការផ្សេងៗជាច្រើនទៀត ដែលជាបុព្វហេតុដ៏ថ្លៃថ្លា ក្នុងគ្រាដែលលោកទទួលកិច្ចការជាអ្នកការទូត អស់រយៈប្រមាណ៥០កន្លងមក។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្ដី ហោ ណាំហុង បានសម្ដែងនូវក្ដីសោមនស្សរីករាយឥតឧបមា គ្រាដែលលោក ផៃ ស៊ីផាន បានដឹកនាំសហការីចូលជួបអបអរសាទរឆ្នាំថ្មី ព្រមទាំងស្វែងយល់ពីបទពិសោធន៍ការងាររបស់លោក នាពេលកន្លងមក។

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា កិច្ចការជាច្រើនរាប់មិនអស់ ដែលលោកសម្រេចបាននាពេលកន្លង គឺកើតឡើងដោយសារភាពស្មោះត្រង់ ការតស៊ូលះបង់មិនរួញរា ប្រកបដោយសា្មរតីជាតិនិយមរបស់លោក អមព្រមជាមួយនឹងការផ្ដល់ឱកាស និងការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ បង្រួបបង្រួមប្រជាជាតិយើង ឲ្យមានសាមគ្គីភាពជាធ្លុងមួយ ប្ដេជ្ញាកសាងសន្ដិភាព ស្ថិរភាពនយោបាយដល់សង្គមកម្ពុជា។

ឧបនាយករដ្ឋមន្រ្ដី ហោ ណាំហុង ក៏បានផ្ដាំផ្ញើដល់យុវជនជំនាន់ក្រោយ ត្រូវខិតខំប្រឹងប្រែងទ្វេដង លើសអ្នកជំនាន់មុន ម្យ៉ាងត្រូវរក្សាមូលដ្ឋានគ្រឹះ នៃសង្គមជាតិដែលបានកសាងមកស្រាប់ និងម្យ៉ាងទៀតត្រូវជំរុញវឌ្ឍនភាពជាតិឲ្យមានសន្ទុះកាន់តែលឿនទៅមុខ មានស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមជានិច្ចនិរន្ដតរៀងទៅ៕