(ភ្នំពេញ)៖ នៅក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានប្រាប់ប្រជាពលរដ្ឋថា សូមឲ្យបងប្អូនទាំងអស់ ដែលបានមកទទួលអត្តសញ្ញាណប័ណ្ណនាពេលនេះ ពេលត្រឡប់សូមជួយផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារបើសិនមានបងប្អូនណា មិនទាន់បានធ្វើអត្តសញ្ញាណ ប័ណ្ណសូមអញ្ជើញប្រញាប់មកកាន់នគរបាលប៉ុស្តិ៍ ក្នុងមូលដ្ឋានរបស់បងប្អូនឬមកកាន់អធិការដ្ឋានដើម្បី បំពេញសំណុំបែបបទ និងធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីប្រយោជន៍ប្រើប្រាស់ពេលបំពេញការងារ ផ្សេងៗផងដែរ ។
នៅក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅក្នុបស្នាក់ការភូមិប៉ប្រក ខាងត្បូងនោះ លោក យឹម សារ៉ាន់ បានលើកឡើងថា ចំពោះអត្តសញ្ញាណប័ណ្ណថ្មីនេះ បងប្អូនងាយស្រួលក្នុងការយកទៅប្រើប្រាស់ ក្នុងការបំពេញឯកសារផ្សេងៗ ទៅតាមតម្រូវការ ដូច្នេះហើយបន្ទាប់ពីបងប្អូន ទទួលបានអត្តសញ្ញាណប័ណ្ណនេះ យកទៅហើយនោះបងប្អូនត្រូវថែរក្សាឲ្យបានគង់វង្សយូរអង្វែង ជៀសវាងរហែកឬបាត់បង់។
លោកបានបន្តទៀតថា ចំពោះប្រជាពលរដ្ឋណា ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ សូមអញ្ជើញទៅកាន់ប៉ស្តិ៍នគរបាល ដែលនៅក្បែរលំនៅដ្ឋាន របស់បងប្អូន ហើយបើសិនមិនឃើញមានស្ថានីយ៍ និងក្រុមមន្រ្តីប្រចាំនៅតាមប៉ុស្តិ៍នមួយៗនោះ សូមបងប្អូនអញ្ជើញទៅកាន់អធិការដ្ឋាន ឬក៏ទំនាក់ទំនងមកកាន់រូបលោកដោយផ្ទាល់ លោកនិងរៀបចំឲ្យធ្វើ។
លោកក៏បានបញ្ជាក់ថា ចំណែកឯអ្នកដែលបានមកធ្វើហើយប៉ុន្តែនគរបាល មិនធ្វើឲ្យឬក៏បង្គាប់ឲ្យបង់លុយច្រើន ទើបធ្វើឲ្យនោះ ត្រូវទំនាក់ទំនងមករូបលោកភ្លាម ព្រោះការធ្វើអត្តសញ្ញាណប័ណ្ណ មិនតម្រូវឲ្យបង់លុយច្រើនទេ គ្រាន់តែបង់តាមច្បាប់កំណត់ឲ្យក្នុងម្នាក់១ម៉ឺនរៀល គឺរួចជាស្រេច ប៉ុន្តែសម្រាប់អ្នកដែលបានធ្វើហើយមិនទទួលបានអត្តសញ្ញាណប័ណ្ណ រហូតដល់ទៅ២ឬ៣ខែ មិនទាន់បានទទួលនោះ សូមទំនាក់ទំនងមករូបលោក ជាបន្ទាន់ដើម្បីលោក បានធ្វើការស្រាវជ្រាវរកមើលថា ការយឺតយ៉ាវនេះបណ្តាលមកពីមូលហេតុអ្វីឬមួយ ក៏មានការភាន់ច្រឡំទៅណា។
បើបងប្អូនជួបបញ្ហានេះ បងប្អូនមិនរាយការគឺនគរបាល មិនបានដឹងថាអ្នកណាទទួលបាន ឬមិនទាន់ទទួលបាននោះឡើយ។
លោកបានបន្ថែមថា ការចុះធ្វើនេះមិនត្រឹមតែធ្វើអត្តសញ្ញាណប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ សម្រាប់គ្រួសារណា ដែលមិនទាន់មានសៀវភៅគ្រួសារ ក៏ត្រូវប្រញ៉ាប់មកកាន់ស្ថានីយ៍ធ្វើនិមួយៗ ដែលនៅក្បែរលំនៅដ្ឋានបងប្អូននោះ ក៏អញ្ជើញមកកាន់អធិការដ្ឋាន មកជួបលោកអធិការរង ឬក៏ទំនាក់ទំនងមកលោកតាមរយៈលេខទូរស័ព្ទ 097 249 9999៕