(ភ្នំពេញ)៖ នៅក្នុងសន្និសីទកាសែតមួយ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ច បានបង្ហាញភស្តុតាងមួយចំនួន ដែលបញ្ជាក់ថា ការរៀបចំប្រមូលផ្តុំធ្វើការតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺមានការផ្តល់ថវិការបស់ម៉ឺនដុល្លារ ពីអង្គការចាត់តាំងនៅក្រៅប្រទេស។

លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅក្នុងសន្និសីទកាសែតនេះថា សមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើទូរស័ព្ទ និងទៅលើកុំព្យូទ័រ ដោយឃើញមានការឧបត្ថម្ភថវិកាពីក្រៅប្រទេស និងមានអង្គការចំនួន៣ ដោយមួយគឺនៅក្រៅប្រទេស និង២ទៀត នៅក្នុងស្រុក បានឧបត្ថម្ភថវិកាជាច្រើនម៉ឺនដុល្លារ សម្រាប់គាំទ្រដល់ការធ្វើបាតុកម្មខុសច្បាប់នេះទេ។

លោកបានអះអាងថា សមត្ថកិច្ចបានចាប់ភស្តុតាងតាមរយៈការផ្ទេរ តាមធនាគារដោយថវិកាទាំងនោះត្រូវបានអង្គការចាត់តាំងទម្លាក់មកឱ្យមេក្រុមបាតុករទាំងនោះ តាមដំណាក់កាល ដើម្បីធ្វើបាតុកម្ម ហើយក្នុងការបញ្ជូនលុយដើម្បីឲ្យធ្វើបាតុកម្មនេះទៀតសោត គឺមានការទំលាក់ទៅឱ្យមនុស្សម្នាក់ ហើយមនុស្សម្នាក់នោះបានផ្ទេរបន្តចេញទៅឲ្យមេដឹកនាំបាតុកម្មផ្ទាល់គឺកញ្ញា ឈឹម ស៊ីថរ តែម្តង។

លោកបញ្ជាក់ថា៖ «លុយដែលយើងធ្វើការស៊ើបអង្កេតគឺការរកឃើញថា មានចំនួនរាប់ម៉ឺនដុល្លារ»

ចំណែកលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ថវិកាដែលបានផ្តល់ពីក្រៅប្រទេសមកនេះ មិនមែនមានតែមួយលើកនោះទេ។ លោកបានបញ្ជាក់ថា មានការឧបត្ថម្ភប្រាក់ជាច្រើនលើក ដែលភស្តុតាងទាំងនេះត្រូវបានរកឃើញនៅក្នុង Laptop របស់ក្រុមចលនាបាតុកម្មខុសច្បាប់ ដោយក្នុងនោះមានលើកទី១ ចំនួន៥ពាន់ដុល្លារ លើកទី២ ចំនួន៥ពាន់ដុល្លារ និងលើកទី៣ ចំនួន៥ពាន់ដុល្លារ ហើយមានចំនួនច្រើនជាងនេះថែមទៀត។

ការធ្វើបាតុកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសអន្លាយរយៈពេលច្រើនថ្ងៃមកហើយ បន្ទាប់ពីកម្មករដែលបានបញ្ឈប់ពីការងារទាមទារ ឱ្យមានការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ និងលក្ខខណ្ឌមួយចំនួនទៀត។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការធ្វើបាតុកម្មបានរីករាលដាល និងកាន់តែខុសច្បាប់ ក្រោយពេលមានការចូលរួមញុះញង់ និងមានការចាត់តាំង ខណៈដែលក្រសួងការងារ និងរដ្ឋបាលរាជធានីភ្នំពេញ បានព្យាយាមសម្របសម្រួលច្រើនលើកក៏ដោយ។

កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ កន្លងទៅ កម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចាប់ខ្លួនឃាត់មនុស្ស៩នាក់ ដែលបានញុះញង់ និងរៀបចំបាតុកម្មខុសច្បាប់នៅមុខណាហ្គាវើលដ៍ ហើយក្នុងចំណោមនោះមាន៦នាក់ ត្រូវបានបញ្ជូនទៅតុលាការផងដែរ ខណៈ៣នាក់ត្រូវបានអប់រំ និងដោះលែងវិញ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ជនជាប់ចោទ ៦នាក់នោះ ដែលពាក់ព័ន្ធនឹងការញុះញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។ ជនទាំង៦នាក់នេះ ស្ថិតនៅក្នុងមនុស្ស៩នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

មនុស្ស៩នាក់ដែលត្រូវតុលាការចោទប្រកាន់នោះ រួមមាន៖ ១.ឈឹម ស៊ីថរ, ២.រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហៃ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន, ៨. សុខ ណារិទ្ធ និង៩.សុខ គង្គ ផងដែរ។ កញ្ញា ឈឹម ស៊ីថរ និងមនុស្ស២នាក់ទៀត បាន និងកំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួនតាមដីកាតុលាការ៕

សូមទស្សនារូបភាព និងភស្តុតាងមួយចំនួន៖  https://t.me/freshnewsasia/80979