(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយ ឧត្តមសេនីយ៍ឯក មែល វីនអុង អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី តាមប្រព័ន្ធវីដេអូ។
ក្នុងជំនួបនោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល និងសម្រេចស្នាដៃធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។
មេបញ្ជាការកងទ័ពកម្ពុជា និង សិង្ហបុរី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល ។
ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញឧត្តមសេនីយ៍ឯក មែល វីនអុង ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមិនា ឆ្នាំ២០២២ ខាងមុខនេះ៕