(កំពត)៖ វិមានព្រះបរមបដិមា ព្រះអង្គគោកធ្លក ត្រូវបានរៀបពិធីពុទ្ទាភិសេក ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវង្សកិត្ដិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទីមួយ និងជាព្រះប្រធានថេរសភាសង្ឃ នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

លោក ហេង ហុកឡាយ និងលោក ឈុន ហេងឡេង អគ្គនាយកក្រុមហ៊ុនអេចអិល ណាការ៉ា ឌីវេឡុបម៉ិន បានផ្តួចផ្តើមគំនិតសាងសង់វិមាន ព្រះបរមបដិមា ព្រះអង្គគោកធ្លក សម្រាប់ជាទីសក្ការបូជា ដល់ប្រជាជនកម្ពុជាទាំងមូល ជាពិសេស និងញាតិញោម ដែលបានទៅដល់ទឹកដីខេត្តកំពត កុំភ្លេចឈាងចូលអុជធូប បន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនពីព្រះអង្គ។

លោក ហេង ហុកឡាយ បានថ្លែងថា មូលហេតុដែលលោកបានតាំងចិត្តសាងសង់ ព្រះបរមបដិមា ព្រះអង្គគោកធ្លក ឡើងក្នុងគោលបំណងលើកស្ទួយ ដល់ព្រះពុទ្ធ សាសនា ស្ថាបត្យកម្ម បុរាណខ្មែរ ជាពិសេសកន្លែងល្បីស័ក្ដិសិទ្ធិ ដែលបងប្អូនប្រជាពលរដ្ឋយើង តែងតែដឹងពីបារមី របស់ព្រះអង្គគោកធ្លក ដែលបានដំណាលថា ពួកខ្មាំងសត្រូវ ដែលមានបំណងប៉ុនប៉ងធ្វើអាក្រក់មកលើ ទឹកដីកម្ពុជា គឺមិនបានសម្រេចទេ ជាក់ស្តែង រូបបដិមា របស់ព្រះអង្គគោកធ្លក ស្ថិតនៅស្រុកមណ្ឌលសីមា ក្បែរច្រកអន្តរជាតិ ចាំយាម។

លោក ហេង ហុកឡាយ បន្ដថា ការកសាងព្រះបដិមា នៅក្នុងខេត្តកំពតនេះ គឺសម្រាប់បងប្អូន ប្រជាពលរដ្ឋកម្ពុជា មកសុំសេចក្តីសុខសេចក្តីចម្រើនពីព្រះអង្គគ្រប់ៗគ្នា ដោយរឹទ្ធាអំណាចរបស់ព្រះអង្គ និងជួយឃុំគ្រងកូនចៅ ឲ្យជួបតែសេចក្តីសុខ។

សូមជម្រាបថា ព្រះបរមបដិមា ព្រះអង្គគោកធ្លក សាងសង់នៅលើផ្ទៃដី សរុបជាង៤ហិកតារបស់ បុរី អាយខនកំពត ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ក្នុងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មទេសចរណ៍ នាក្រុងកំពត ខេត្តកំពត។

ព្រះបរមបដិមា ព្រះអង្គ គោកធ្លក ត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ល្អឥតខ្ចោះទាំងថ្ងៃទាំងយប់ ដោយជាងចម្លាក់ខ្មែដែលមានទំងន់ សរុបជាង១៥តោន, កំពស់៤,៩ម៉ែត្រ និងព្រះភ្នែន ព្រះអង្គប្រវែង១,៩៦ម៉ែត្រ ព្រមជាមួយបុស្បុក៧ថ្នាក់ កំពស់រហូតដល់២៣ម៉ែត្រ ៩តឹក ប្រវែងមុខកាត់២១,២ ម៉ែត្រ និងជម្រៅ១៨,៣ម៉ែត្រ ស្មើនឹងទំហំ ៣៨៨ម៉ែត្រក្រឡា ប្រកបដោយក្បូរក្បាច់ វិចិត្ររចនាលម្អដោយបុស្បុក៧ថ្នាក់ និងចំណាយថវិកាប្រមាណ ៨៦៧ ៨៨៨ ០០០រៀល ដែលបង្ហាញពីអត្តសញ្ញាណ ស្ថាបត្យកម្មបុរាណខ្មែរដ៏អស្ចារ្យ និងសម្រាប់ជាទីសក្ការៈ ដល់មហាជនទូទៅក្នុងប្រទេសផងដែរ៕