(ភ្នំពេញ)៖ នៅម៉ោង២៖០០រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ ក្រុមយុវជន និស្សិត និងពលរដ្ឋ ជាង១ពាន់នាក់ ដឹកនាំដោយ លោក ស្រី ចំរើន នឹងលើកគ្នាទៅរដ្ឋសភា ដើម្បីដាក់ញត្តិស្នើឱ្យ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាដាក់វិន័យលើ លោក កឹម សុខា តំណាងរាស្រ្ត និងជាអនុប្រធានគណបក្សសង្រ្គោះជាតិ។
លោក ស្រី ចំរើន បានចោទលោក កឹម សុខា ថាបានប្រព្រឹត្តិអំពើពេស្យាចារ ជួញដូរផ្លូវភេទ ដែលប៉ះពាល់ធ្ងន់ធ្ងរវប្បធម៌សង្គម និងកិត្តិយសរដ្ឋសភាកម្ពុជា។ លោក ស្រី ចំរើន បានបញ្ជាក់ថា បន្ទាប់ពីប្រមូលផ្តុំគ្នានៅខាងមុខរដ្ឋសភាជាតិដាក់ញត្តិរួចហើយ ក្រុមរបស់លោកប្រមាណ២០នាក់ នឹងបន្តហែញត្តិទៅកាន់ស្ថានទូតអាមេរិក។
សូមជំរាបថា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណាថា អតីតអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ បានប្រកាសប្តឹង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍លើរូបនាង ហើយថា សំណងជាទឹកប្រាក់នេះ នាងនឹងយកទៅជួយដល់កុមារកំព្រា។
ដោយឡែក កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលពាក់ព័ន្ធនឹងរឿងស្នេហាជាមួយ លោក កឹម សុខា ក៏បានដាក់ពាក្យប្តឹង លោក កឹម សុខា និងបក្ខពួកផងដែរ ដោយទាមទារសំណង៣០ម៉ឺនដុល្លារ ជុំវិញការធ្វើឲ្យរូបនាង ខាតបង់ពេលវេលា បាត់ការងារខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយសកន្លងមកនេះ៕