(ព្រៃវែង)៖ លោក នុត សាអាន អនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយស្រុកមេសាង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន គ្រួសារយោធិនពលីចំនួន៣៧នាក់ សមាជិកក្រុមប្រឹក្សាឃុំចំនួន៩នាក់ និងមេភូមិទាំង៨ ក្នុងឃុំព្រៃរំដេង ស្រុកមេសាង។
បន្ទាប់ពីបានជូនវត្ថុអនុស្សាវរីយ៍ និងប្រសិទ្ធពរជ័យបវរសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកប្រធានក្រុមការងារក៏បានបន្តដំណើរ ទៅពិនិត្យការដ្ឋានសំណង់ព្រះវិហារ វត្តកណ្តាលមានជ័យ ស្ថិតក្នុងភូមិកណ្តាល ឃុំព្រៃរំដេង។
ក្រោយពិនិត្យការដ្ឋានសំណង់រួចរាល់ហើយ លោក នុត សាអាន ក៏បានបន្តដំណើរទៅភូមិមេសាង ឃុំព្រៃរំដេង ដើម្បីទៅប្រគល់ផ្ទះសង់ថ្មីមួយខ្នង ដែលជាអំណោយរបស់លោក តាមរយ:លោកឧកញ៉ា ឌី បញ្ញា និងសប្បុរសជន ជូនលោកយាយ ឥន្ធ យឿន ដែលត្រូវចិញ្ចឹមបីបាច់ចៅកំព្រាក្នុងបន្ទុកចំនួន៨នាក់។ ដើម្បីជួយសម្រួលដល់ជីវភាពបណ្តោះអាសន្ន ក្រុមការងារក៏បានឧបត្ថម្ភលោកយាយនូវគ្រឿងឧបភោគ បរិភោគមួយចំនួន និងជួយជាថវិកាចំនួន៧៥មុឺនរៀល ជូនលោកយាយ ដើម្បីជីកអណ្តូងប្រើប្រាស់ផងដែរ។
បន្ទាប់ពីដំណើរអញ្ជើញនិវត្តរបស់លោកប្រធាន ក្រុមការងារចុះជួយឃុំព្រៃរំដេងដឹកនាំដោយលោក នុត សវនា បានបន្តនាំយកថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង ទៅចែកជូនតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន១៤នាក់ដែលទើបឆ្លងទន្លេរួច ក្នុងម្នាក់ទទួលបានថវិកាចំនួន២០មុឺនរៀល និងគ្រួសារសពចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា២០មុឺនរៀល៕